ទេសាភិបាលធនាគារជាតិ៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ គឺជាកត្តាអាទិភាព

ភ្នំពេញ៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ គឺជាកត្តាអាទិភាព ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ នៃវិស័យ ធនាគារនិង ហិរញ្ញវត្ថុ និងដើម្បីឱ្យស្របតាមនិន្នាការតំបន់ និងសកលលោក ។នេះជាការ បញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា ក្នុងពិធីបើកបវេសនកាលនិស្សិតជំនាន់ទី២៣ ឆ្នាំសិក្សា២០២៣-២០២៤ និងពិធីប្រគល់អាហារូបករណ៍ ជូននិស្សិត ជ័យលាភីនិទ្ទេស A សម្រាប់សិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារកាលពីថ្ងៃទី២៧ខែមីនា នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្នុងខណ្ឌសែនសុខ។

ថ្លែងក្នុងកម្មវិធីខាងលើនេះឯកឧត្តម ជា ចាន់តូ បានបន្ថែមថា ប្រទេស ជាតិមួយមានការអភិវឌ្ឍ និងរីកចម្រើនទៅបាន អាស្រ័យ លើការគ្រប់គ្រង ការបែងចែកធនធានមនុស្សបានល្អ ស្របតាមជំនាញ និងសមត្ថភាព ។ ដូចនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍ ធនធាន មនុស្ស ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភសំខាន់ទាំងបួន សម្រាប់ អភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព សំដៅ គាំទ្រដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ ។

ឯកឧត្តមទេសាភិបាល បានបន្តថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក៏ជា ចំណែកដ៏សំខាន់ និងមិនអាចខ្វះបានឡើយ ព្រោះជាបុរេលក្ខខណ្ឌដ៏សំខាន់ សម្រាប់គាំទ្រ ការអភិវឌ្ឍប្រទេសជាតិ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ជា ចាន់តូ បានថ្លែងការកោតសរសើរ និងអបអរសាទរ នូវលទ្ធផលសិក្សារបស់និស្សិតដែលកើតចេញ ពីស្មារតី ឧស្សាហ៍ព្យាយាម រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ៕
អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner