មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖អ្នកសារព័ត៌មានត្រូវស្វែង យល់នូវមុខ ជំនាញមួយចំនួនទៀតដើម្បីឱ្យអត្ថបទព័ត៌មានបានគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មានបានជំរុញឱ្យអ្នកសារព័ត៌មានត្រូវតែ បន្តធ្វើការសិក្សារៀនសូត្របន្ថែមទៀតពិសេសនូវមុខជំនាញមួយចំនួនដូចជាវិស័យ ធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ដើម្បីទទួលបានចំណេះដឹងជ្រៅ ជ្រះទូលំទូលាយនិងផ្តល់ព័ត៌មានសម្បូរបែប គ្រប់ជ្រុងជ្រោយ ទៅ កាន់ សាធារណៈ ជន។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មានក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើក កម្ពស់ចំណេះដឹងជាមូលដ្ឋានស្តីពីធនាគារ និងហិរញ្ញវត្ថុ និងធានារ៉ាប់រង “ នាសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា“បើកាលណាអ្នកសារព័ត៌មាន មាន ចំណេះដឹងជ្រៅជ្រះនោះ ការសរសេរ ការផ្សព្វផ្សាយក៏មានលក្ខណៈ ទូលំ ទូលាយដែលធ្វើឱ្យសារធារណៈជនបានយល់ និងទទួលព័ត៌មានពិត ដែល ជាចំណេះដឹងមួយសម្រាប់សង្គមជាតិយើង”។

ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថាអ្នកសារព័ត៌មានជាអ្នកនាំសារ ហេតុនេះត្រូវតែមានចំណេះដឹងច្រើន ត្រូវតែបង្កើនចំណេះដឹង ដើម្បី ការផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព និងមានភាពរឹងមាំក្នុងមុខ ជំនាញ វិជ្ជាជីវៈរបស់ខ្លួន។

លោក សុខ វឿន ប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ និងជា ប្រធាន ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុបានថ្លែងបញ្ជាក់ថា៖នៅក្នុង ពាក្យ បច្ចេកទេសខ្លះក្នុងវិស័យហិរញ្ញវត្ថុមានការស្មុគស្មាញ ហេតុនេះចាំបាច់គេ ត្រូវធ្វើការផ្សព្វផ្សាយក៏ដូចជាផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌មានដើម្បីឱ្យបានស្គាល់ និងយល់ជ្រួតជ្រាប ហើយអាចតាក់តែងនិពន្ធបញ្ហាហិរញ្ញវត្ថុ នៅកម្ពុជា យើង បានច្បាស់លាស់ដើម្បីចែកចាយផ្សព្វផ្សាយដល់ពលរដ្ឋ កម្ពុជាកាន់តែប្រសើរឡើងថែមទៀត។ការមានចំណេះដឹងច្បាស់លាស់នេះ ហើយអាចផ្តល់នូវវសារព័ត៌មានបានដឹងព័ត៌មានពិត ការវិភាគពិតនៅក្នុង ជីវិត ប្រចាំថ្ងៃដើម្បីឱ្យយើងសម្រេចចិត្តណាមួយបានច្បាស់លាស់ និង ប្រាកដវិជ្ជាដល់សាធារណៈជន។

ជុំវិញបញ្ហាហិរញ្ញវត្ថុនេះដែរត្រូវបានប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុរូបនេះថ្លែងដោយបញ្ជាក់ថាបើគេមើលជាទូទៅក្នុងចំណោមអ្នកសារព័ត៌មានដែលមានចំណេះដឹងទៅលើមុខជំនាញនេះនៅមានកម្រិតនៅឡើយពីព្រោះថា បញ្ហាហិរញ្ញវត្ថុនិយាយឱ្យមែនទែនទៅមានបញ្ហាស្មុគស្មាញ ស៊ីជម្រៅបន្តិចដែលត្រូវការចំណាយពេលវេលារៀនសូត្រស៊ីជម្រៅដោយសារមូលដ្ឋានចំណេះដឹងវាមានលក្ខណៈប្រទាក់ក្រឡាគ្នាច្រើន។

លោក លាង ដឹលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា បានថ្លែង បញ្ជាក់ដែរ ថា វគ្គបណ្តុះបណ្តាលក្នុងឆ្នាំនេះក្លិបអ្នកកាសែតកម្ពុជាបើក ទូលំទូលាយដល់អ្នកកាសែតណាដែលចាប់អារម្មណ៍ទៅលើវិស័យ ធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងទោះជាគាត់យកព័ត៌មានផ្នែកនយោបាយ ផ្នែកសង្គម …ប៉ុន្តែបើគាត់ចាប់អារម្មណ៍អាចចុះឈ្មោះរៀនវគ្គបណ្តុះ បណ្តាល នេះបាន។ក្នុងនេះគេបានធ្វើការបែងចែកជាពី ក្រុមគឺបណ្តុះ បណ្តាលសម្រាប់អ្នកសារព័ត៌មាន និងបណ្តុះបណ្តាលសម្រាប់ការីនិពន្ធ។ការធ្វើបែបនេះប្រយោជន៍ដើម្បីជំរុញដល់ការផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាពថែមទៀត។
ទាក់ទិនក្នុងរឿងនេះ អ្នកស្រី អ៊ូ សុខមាន អ្នកយកសារព័ត៌មានអនឡាញ ថ្មីៗ បានបញ្ជាក់ប្រាប់ថា៖ការរៀនវគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវចំណេះ ដឹងបន្ថែមទៀតទៅលើការជំនាញនិពន្ធព័ត៌មានផ្នែកសេដ្ឋកិច្ចរបស់អ្នកស្រី ពិសេសវានឹងផ្តល់នូវពាក្យគន្លឹះទាំងវិស័យធនាគារ វិស័យធានារ៉ាបរង ដើម្បីងាយស្រួលនិពន្ធអត្ថបទសម្រាប់ផ្សព្វផ្សាយ។
ដោយឡែកលោក យឺន សីហា អ្នកយកព័ត៌មានប្រចាំវិទ្យុវាយោបានចាត់ទុកថាវគ្គវណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ពីព្រោះថារូបលោកជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចស្រាប់ ហេតុនេះលោកជឿជាក់ថាវាជាមូលដ្ឋានមួយទៀតសម្រាប់ជួយពង្រឹងសមត្ថភាពបន្ថែមទៀតក្នុងការសរសេរព័ត៌មានកាន់តែស៊ីជម្រៅរបស់លោក ដើម្បីឱ្យអ្នកអាន អ្នកស្តាប់បានយល់ដឹង វិស័យហិរញ្ញវត្ថុ ចូលរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង នៅកម្ពុជា។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយមានការសហការពីសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) ។អ្នកសារព័ត៌មាន ៥៨នាក់ និងការីនិពន្ធ២០នាក់ មកពី៤០ ស្ថាប័នក្នុងស្រុក និងអន្តរជាតិផ្សេងៗគ្នាបានចូលរួមវគ្គបណ្តុះបណ្តាលមួយនេះ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner