លោក យឹម ស៊ីណន ត្រូវបានដោះលែងបន្ទាប់ពីសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ លោក យឹម ស៊ីណន ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើជាវីដេអូសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសំណេររបស់ខ្លួនដែលបានសរសេរលើបណ្តាញសង្គមប្រមាថដល់អង្គព្រះមហាក្សត្រ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យី សុខវួច នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ យឹម ស៊ីណន ដែលត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២៤៣៣ “វ៌ ដ.ឃ.ដ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ប្រសិនបើឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ។
សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ