ភ្លៀងនឹងអាចធ្លាក់ក្នុងសប្តាហ៍ទៅមុខទៀតនេះ (Video Inside)
បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចកើតមាននៅក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបាន ទទួលរងនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល និងឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបចិន ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី៤ ខែមេសា តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមារវាងពី ២៣ទៅ២៥ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី ៣៥ ទៅ៣៧ អង្សាសេ។ ការព្យាករណ៍ក្នុងតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ដោយ អន្លើក្នុងកម្រិត ពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះ ភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរ ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមានឹងមានរវាងពី ២៤ ទៅ ២៦ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី៣៥ទៅ៣៧ អង្សាសេ។ តាមការព្យាករណ៍, នៅតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។
ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ មានសីតុណ្ហភាពអប្បបរមារវាងពី ២៤ទៅ២៦ អង្សាសេ ,សីតុណ្ហភាពអតិបរមា មានរវាងពី ៣២ទៅ៣៤ អង្សាសេ។ យោងតាមការព្យាករណ៍ នៅតំបន់មាត់សមុទ្រនេះ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផង ។