ប្រធានអង្កការ CAPDI ដឹកនាំសាសនិកអ៊ីស្លាមជាង១០០នាក់ ចូលរួមពិធីស្រាយបួសក្នុងរាជធានីភ្នំពេញ (Video Inside)

ប្រធានអង្គការ CAPDI បានថ្លែងថាពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺជាសកម្មភាពសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងរបស់ប្រធានអង្គការ CAPDI លោកជូសូហ្វ កាឡា Jusuf Kalla ដែលជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានធ្វើឡើងក្នុងឱកាសសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។

លោក ជូសូហ្វ កាឡា បានជំរាបសម្ដេចតេជោថា លោកបានដឹកនាំសាសនិកឥស្លាមជាង ១០០នាក់ មកចូលរួមស្រាយបួសនៅកម្ពុជា ហើយអ្វីដែលលោកបានឃើញ គឺជាសកម្មភាព សាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងប្រសាសន៍ ឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ជូសូហ្វ កាឡា ដែលបានដឹកនាំសាសនិកឥស្លាម មកចូលរួមស្រាយបួសនៅកម្ពុជា។

សម្តេចតេជោ បានប្រាប់ប្រធានអង្គការ CAPDI ថា កម្ពុជាបានរៀបចំកម្មវិធីស្រាយបួស នេះជារៀងរាល់ឆ្នាំ និងបញ្ជាក់ថា សាសនានៅកម្ពុជា គឺមានសុខដុមភាពណាស់ ទាំងរវាង សាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ ។

គួរកត់សម្គាល់ដែរថា កាលពីល្ងាចថ្ងៃទី២៧មីនា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានអញ្ជើញចូលរួមជាមួយគ្នាក្នុងពិធីស្រាយបួស ខែរ៉ាម៉ាឌន ដែលមានសាសនិកអ៊ិស្លាមចូលរួម ជាង ៦ពាន់នាក់ក្នុងរាជធានីភ្នំពេញ៕

ads banner