គណបក្ស NLD របស់លោក អោងសាន ស៊ូជី ថ្កោលទោសយោធាមីយ៉ាន់ម៉ា ក្រោយប្រកាសរំលាយគណបក្សខ្លួន

ណៃពិដោរ៖ គណបក្សនយោបាយរបស់មីយ៉ាន់ម៉ា ដឹកនាំដោយមេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាច លោកស្រី អោងសាន ស៊ូជី បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រកាសរំលាយគណបក្សរបស់ខ្លួនពីសំណាក់រដ្ឋាភិបាលយោធា។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានជូនដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃទី២៩ ខែមីនានេះថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី នឹងត្រូវបាត់បង់សុពលភាព ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសាកលឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី។

ជុំវិញបញ្ហានេះដែរ កាលពីថ្ងៃពុធសប្តាហ៍នេះ គណបក្ស NLD បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាយោធាបានរំលោភច្បាប់ និងគ្មានភាពស្របច្បាប់ ក្នុងការតំណាងឱ្យសាធារណជន។ គណបក្ស NLD បន្តថា គណៈកម្មការរៀបចំការបោះឆ្នោតក្រោមក្រុមប្រឹក្សាយោធា គ្មានសិទ្ធិរំលាយ ឬសិទ្ធិអនុម័តលើគណបក្សនយោបាយដែលត្រូវបានបង្កើតឡើងស្របច្បាប់នោះទេ។

គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី បន្ថែមថា គិតមកទល់ពេលនេះ សមាជិកគណបក្សរបស់ខ្លួនចំនួន ១,២៣៥នាក់ត្រូវបានចាប់ខ្លួន ហើយ ២៦នាក់ក្នុងចំណោមពួកគេបានស្លាប់ក្នុងអំឡុងពេលសួរចម្លើយ និងនៅក្នុងពន្ធនាគារចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១៕ ប្រភព៖ NHK ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner