អាមេរិកនិង សម្ព័ន្ធមិត្តសម្ដែងការព្រួយបារម្ភ ចំពោះការរំលាយគណបក្សនយោបាយ រាប់សិបនៅមីយ៉ាន់ម៉ា
តូក្យូ: សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី កាលពីថ្ងៃពុធ ទី២៩មីនា បានសម្តែងការព្រួយបារម្ភ របស់ខ្លួនចំពោះការរំលាយ គណបក្សនយោបាយរាប់សិបនៅមីយ៉ាន់ម៉ា និងបានជំរុញឱ្យមាន ដំណើរការរួមបញ្ចូល បន្ថែមទៀតដើម្បីឱ្យប្រទេសនេះងាកទៅ រកលទ្ធិប្រជាធិបតេយ្យវិញ។
ការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោត របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសរំលាយគណបក្សនយោបាយ ចំនួន៤០រួមទាំងគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្ យ(NLD)របស់លោកស្រីអ៊ុងសានស៊ូជី ដែលកាន់អំណាចមុន រដ្ឋប្រហារ ចំពោះការមិនទៅចុះបញ្ជីឈរឈ្មោះ សម្រាប់ការបោះឆ្នោតដែលជាកាតព្វកិច្ចរបស់ គណបក្សនយោបាយក្រោមច្បាប់ថ្មី ដែលរដ្ឋាភិបាលយោធាអនុម័តកាលពី ខែមករា។
ក្រសួងការបរទេស ជប៉ុនបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការដកគណបក្សNLDចេញពីដំណើរការនយោបាយ នឹងធ្វើឱ្យស្ថានភាពកាន់តែលំបាកឡើងៗ»។ ក្រសួងបន្តថា៖ «ជប៉ុនជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យមីយ៉ាន់ម៉ាដោះលែង មន្ត្រីរបស់គណបក្សNLDជាបន្ទាន់ រួមទាំងលោកស្រីស៊ូជីនិងបង្ហាញផ្លូវឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីនៃបញ្ហាក្នុងលក្ខណៈដែលរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធ»។
អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោកVedantPatel បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការសម្រេចចិត្តរំលាយគណបក្សនយោបាយ ទាំង៤០។ លោកPatelបន្តថា៖ «ការបោះឆ្នោតណាមួយដោយគ្មានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងប្រទេសភូមា (មីយ៉ាន់ម៉ា) នឹង មិនអាចចាត់ទុកថាសេរីឬយុត្តិធម៌នោះទេ»។
ជាមួយគ្នានេះការិយាល័យទទួលបន្ទុកកិច្ចការបរទេសរបស់ចក្រភពអង់គ្លេសបានរិះគន់ជំហានចុងក្រោយរបស់រដ្ឋាភិបាលយោធាថាជា«ការរំលោភលើសិទ្ធិនិងសេរីភាព»របស់ប្រជាជនមីយ៉ាន់ម៉ា។
អ្នកនាំពាក្យការិយាល័យបរទេសបានលើកឡើងថា៖«យើងថ្កោលទោសសកម្មភាពនយោបាយរបស់របបយោធានិងការប្រើប្រាស់យុទ្ធសាស្ត្រឃោរឃៅកាន់តែខ្លាំងឡើងៗដើម្បីសាបព្រោះការភ័យខ្លាចនិងគាបសង្កត់ក្រុមប្រឆាំង»។
ចំណែកឯក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលីនិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរួមតូចនៃលំហនយោបាយនៅមីយ៉ាន់ម៉ាដោយសារតែតម្រូវការចុះបញ្ជីឈ្មោះបោះឆ្នោតដ៏តឹងតែង។ក្រសួងបន្តថាអ្នកពាក់ព័ន្ធទាំងអស់គួរតែត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការនយោបាយព្រោះការរំលាយដូច្នេះអាចនាំឱ្យមានអំពើហិង្សានិងអស្ថិរភាពបន្ថែមទៀត។
សូមរំឭកថាក្រោយរដ្ឋប្រហារឆ្នាំ២០២១ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពចលាចលនៃអំពើហិង្សាដោយការបង្រ្កាបរបស់កងកម្លាំងរដ្ឋាភិបាលយោធាដឹកនាំលោកឧត្តមសេនីយ៍មីនអ៊ុងឡាំង។លោកស្រីស៊ូជីនិងអ្នកនយោបាយនៃគណបក្សរបស់លោកស្រីជាច្រើនរូបត្រូវបានចាប់ឃុំខ្លួននិងកាត់ទោសពីបទចោទផ្សេងៗ។
ជុំវិញការរំលាយគណបក្សរបស់លោកស្រីស៊ូជីចុងក្រោយនេះក្រុមយោធាមិនបានប្រតិបកម្មនឹងការរិះគន់យ៉ាងណានោះទេប៉ុន្តែវាជាជំហានដែលធ្វើឡើងបន្ទាប់ពីលោកមីនអ៊ុងឡាំងបានជំរុញកាលពីថ្ងៃចន្ទឲ្យអ្នករិះគន់អន្តរជាតិនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា៕
ដោយ:ហួនឌីណា
ប្រភព៖ US, allies concerned over Myanmar disbanding Suu Kyi party