ស្ថាប័នរដ្ឋចាប់ដៃគូជាមួយវិស័យឯកជន ផ្តល់ចំណេះដឹងស្តីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា”

ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ”តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីដាក់ដំណើរការជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលស្តីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារ Oakwood Premier Phnom Penh ។

កម្មវិធីបណ្តុះបណ្តាល “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា“ គឺជាកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៨សប្តាហ៍ ហើយវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំក្នុងគោលបំណងសំខាន់ៗចំនួន ៤៖ (១) បង្កើនការយល់ដឹងទូលំទូលាយពីការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងតួនាទីរបស់វានៅក្នុងបរិយាកាសអាជីវកម្មនាពេលបច្ចុប្បន្ន, (២) បង្កើនជំនាញ និង ចំណេះដឹងចាំបាច់ក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាពខ្ពស់, (៣) យល់ដឹងអំពី របៀបបង្កើត និងរៀបចំមាតិកាដែលមានគុណភាពខ្ពស់ និងទាក់ទាញ ដែលស្របតាមគោលដៅប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ខ្លួន, និង (៤) យល់ដឹងអំពីរបៀបបង្កើត និងចូលរួមជាមួយសហគមន៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម។

វគ្គបណ្តុះបណ្តាលនេះដែរ នឹងរៀបចំឡើងចំនួន ២លើក ក្នុងឆ្នាំ ២០២៣ ដែលលើកទី១ គឺចាប់ពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៣ និងលើកទី២ គឺចាប់ពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ទៅដល់សហគ្រាសសរុបចំនួន ១០០ ក្នុងការកសាងបណ្តាញទំនាក់ទំនង និងការអភិវឌ្ឍចំណេះដឹង រួមទាំងជំនាញទីផ្សារឌីជីថលនៅក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

នៅក្នុងពិធីនោះដែរ វាគ្មិនកិត្តិយសដែលជាម្ចាស់សហគ្រាស និងអ្នកជំនាញបានចូលរួមចែករំលែកនូវបទពិសោធន៍ជាក់ស្ដែង ទាក់ទងទៅនឹងការអនុវត្តការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ក៏ដូចជាការលើកឡើងនូវទស្សនៈមួយចំនួនលើសារៈសំខាន់នៃការធ្វើទីផ្សារបែបឌីជីថល សម្រាប់សហគ្រាសក្នុងយុគសម័យឌីជីថល៕

ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner