ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោង សិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក រវាងក្រសួងពាណិជ្ជកម្ម ជាមួយ អង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញនូវសុទិដ្ឋិនិយមថា អនុស្សរណៈកិច្ចសហប្រតិបត្តិការត្រីភាគីនេះនឹងរួមចំណែកជួយពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងផ្នែកស្រាវជ្រាវពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងពង្រីកការយល់ដឹងរបស់វិស័យឯកជននៅប្រទេសកម្ពុជាអំពីកម្មសិទ្ធិបញ្ញាជាពិសេស វិធីសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាកឱ្យកាន់តែមានភាពល្បីល្បាញ បន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងតួនាទីរបស់កម្មសិទ្ធិបញ្ញាដែលចូលរួមជួយកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បន្ថែមទៀត។ តួយ៉ាង ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% មុនការផ្ទុះឡើងនៃវិបត្តិសុខភាពសាធារណៈបង្កដោយជំងឺកូវីដ១៩។ កំណើនថេរ និងខ្ពស់ ប្រកបដោយវិបុលភាពនេះបានធ្វើឱ្យប្រទេសកម្ពុជាអាចឈានទៅដល់ដំណាក់កាលដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍របស់ខ្លួនពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ។

ឯកឧត្តម KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុនវាយតម្លៃខ្ពស់ចំពោះទំនាក់ទនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំង សម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តការនាពេលកន្លងមក ជាពិសេសការឈានមកដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។

ក្នុងបរិការណ៍នេះ ឯកឧត្តម KOICHI HAMANO លើកឡើងថា ការកសាងម៉ាកផលិតផល និងគំនូរឧស្សហកម្ម មានសារៈសំខាន់ណាស់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ហើយ ឯកឧត្តម មានបំណងចង់ឃើញផលិតខ្មែរជាច្រើនបន្ថែមទៀតនៅលើទីផ្សារ ហេតុនេះ តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្ម ប្រទេសជប៉ុន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ដើម្បីជំរុញកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត។

លោកសាស្ត្រាចារ្យ ETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការវិវិឌ្ឍន៍នៃវិស័យឌីជីថល និងឥទ្ធិពលរបស់កម្មសិទ្ធិបញ្ញានៅក្នុងការគាំទ្រឱ្យមាននវានុវត្តភាព និងជំរុញធុរកិច្ចនៅប្រទេសកម្ពុជា។ ក្នុងន័យនេះ ក្នុងនាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា តាមរយៈអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក នឹងធ្វើការសិក្សាស្រាវជ្រាវលើការកងសាងម៉ាក ហើយលទ្ធផលនៃការសិក្សា នឹងត្រូវផ្សព្វផ្សាយទៅដល់វិស័យពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែច្រើនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា អនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៤ គឺ (១)ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់ការស្រាវជ្រាវក្នុងវិស័យកម្មសិទ្ធិបញ្ញា (២) រៀបចំកម្មវិធីចែករំលែកចំណេះដឹង (៣)ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និង(៤) ផ្តល់នូវបដិសណ្ឋារកិច្ចដល់ការធ្វើទស្សនកិច្ចសិក្សា៕
ដោយ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner