ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនចោទថា សម រង្ស៊ី ប្រឌិតរឿងគប់គ្រាប់បែកកាលពី២៦ឆ្នាំមុន (Video Inside)

ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៩ក្រុម និងទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាមួយ នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២៣ ថ្លែងថាព្រឹត្តិការណ៍គប់គ្រាប់បែកមួយកាលពី២៦ឆ្នាំមុន គឺ សម រង្ស៊ី ជាអ្នកប្រឌិតរឿងនៅពីក្រោយ។

គួរបញ្ជាក់ថាកាលពី២៦ឆ្នាំមុន នៅថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ ព្រឹត្តិការណ៍គប់គ្រាប់បែកមួយ ដាក់លើហ្វូងបាតុករ នៅមុខអតីតអគាររដ្ឋសភា បានបង្កឱ្យមានមនុស្សស្លាប់ និងរបួសច្រើនរយនាក់។

ក្រុមធ្វើនយោបាយប្រឆាំងជាពិសេស សម រង្ស៊ី បានចោទប្រកាន់ដោយគ្មានភស្តុតាងថា សម្តេចតេជោ ហ៊ុន សែន បានស្ថិតនៅពីខាងក្រោយខ្នង នៃអំពើឃាតកម្មនោះ។ ប៉ុន្តែនៅថ្ងៃទី៣០ មីនា ឆ្នាំ២០២៣នេះ ទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល និងក្រុមអង្គការសង្គមស៊ីវិលចំនួន៣៩ក្រុម បានសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ជាច្រើនឆ្នាំមកនេះ ព័ត៌មានដែលចោទប្រកាន់ដាក់លើសម្តេចតេជោ ហ៊ុ នសែន នោះ គឺជាព័ត៌មានមិនពិតឡើយ ។

សេចក្តីថ្លែងការណ៍របស់អង្គការទាំង២ បានសរសេរថា ក្រោយការសិក្សាស្រាវជ្រាវ និងស៊ីជម្រៅរបស់ពួកគេនោះមក បានសង្កេតឃើញថានេះជានយោបាយប្រជាភិថុត របស់គណបក្សប្រឆាំង ដើម្បីកេងចំណេញនយោបាយ។

សេចក្តីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិល បានថ្លែងថានេះគឺនយោបាយ ស្វាស៊ីបាយលាបមាត់ពពែ និងថាជាការបណ្តុះមនោគមន៍វិជ្ជាដ៏ខ្មៅងងឹតរបស់ពួកគេ ក្នុងចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯង និងក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលឃើញ ប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។

ចំណែកសេចក្តីថ្លែងការណ៍របស់ទីស្នាក់ការកណ្តាលរបស់យុវជនសង្គមស៊ីវិល បានសរសេរថា នេះជានយោបាយប្រជាភិថុតសុទ្ធសាធ និងបានដាក់ការសង្ស័យជាបឋមថាជាករណីប្រឌិត សម រង្ស៊ី ដែលជាអ្នកប្រឌិតរឿងនៅពីក្រោយ។

សេចក្តីថ្លែងការណ៍របស់អង្គការសង្គមទាំង២ បានដាក់សំណួរជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ រាប់ទាំងអ្វីដែល សម រង្ស៊ី ខ្លួនឯងធ្លាប់បានសរសេរសុំទោសសម្តេចតេជោ អំពីការចោទប្រកាន់នេះ និងការដកបណ្តឹងចេញពីតុលាការនៅសហរដ្ឋអាមេរិកថែមទៀត។

ads banner