ព្រះមហាក្សត្រកោតសរសើរការដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល (Video Inside)

ព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាលក្នុងព្រះរាជសារមួយ ក្នុងថ្ងៃទី៣០ ខែមីនា ដែលមានសម័យប្រជុំរដ្ឋសភាលើកទី៩ ជាលើកដំបូង។

សារព្រះមហាក្សត្របានកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាលថា «បានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន, មហាសន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត»។

ព្រះរាជសារបានចាត់ទុកការរៀបចំទាំងនោះ «គឺជាភាពជោគជ័យដ៏មហោឡារឹក នាំមកនូវកិត្យានុភាពជួនជាតិ មាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹង និងពង្រីកវិស័យការទូត, កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ»។

ព្រះរាជសារបានកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិកសភាទាំងអស់ ជាពិសេសការកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់រដ្ឋសភា ដែលបានអនុម័តច្បាប់សំខាន់ៗចំនួន១០៩ ក្នុងនិតិកាលទី៦នេះ។

ព្រះរាជសារនៅបានកោតសរសើរដល់ទេពកោសល្យ នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្តែងការស្តារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិ នៃជម្ងឺកូវីដ១៩ និងបេសកកម្មសំខាន់ៗ លើការងារថែរក្សាសន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា។

ads banner