គ្រោងឆ្អឹងដាយណូស័រដ៏ធំបំផុតលើពិភពលោក បង្ហាញខ្លួននៅសារៈមន្ទីរទីក្រុងឡុងដ៍

ឡុងដ៍៖ រូបចម្លងគ្រោងឆ្អឹងសត្វដាយណូស័រដ៏ធំបំផុតមួយ ដែលមិនធ្លាប់មានលើផែនដី ត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៍ ដែលនេះជាលើកដំបូងបង្អស់សម្រាប់ពិព័រណ៍ the star នៅអឺរ៉ុប ចាប់តាំងពីប្រភពដើមរបស់វាត្រូវបានរកឃើញនៅតំបន់ Patagonia។

រូបចម្លងគ្រោងឆ្អឹង titanosaur មានកម្ពស់ ៣៧.២ម៉ែត្រ ដែលគេឱ្យឈ្មោះថា Patagotitan mayorum ត្រូវបានដាក់បង្ហាញនៅសាលនៃសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ Titanosaurs គឺជាអំបូរសត្វដាយណូស័រ sauropod មានកវែងចុងក្រោយដែលនៅសេសសល់ ក្នុងគ្រាដែលប្រភេទសត្វនេះបានផុតពូជហើយ។

រូបចម្លងថ្មីនេះ គឺជាការចម្លងចេញពីរូបសត្វ titanosaur មួយក្បាល ក្នុងចំណោម ៦ក្បាលផ្សេងទៀតដែលត្រូវបានរកឃើញ បន្ទាប់ពីកសិករម្នាក់ក្នុងតំបន់អាហ្សង់ទីន បានប្រទះឃើញឆ្អឹងភ្លៅយក្សមួយក្នុងឆ្នាំ ២០១០ ដែលនាំឱ្យមានការជីកកកាយក្នុងរយៈពេលជាច្រើនឆ្នាំ។

លោក Paul Barrett អ្នកដឹកនាំផ្នែកវិទ្យាសាស្ត្រនៃពិព័រណ៍បានប្រាប់សារព័ត៌មាន AFP ថា ពួកគេបានរកឃើញគ្រោងឆ្អឹងនៃសត្វទាំងនេះនៅក្នុងដី ហើយថា ក្នុងរយៈពេលប្រហែល ៣ឆ្នាំ ពួកគេបានជីកកកាយឆ្អឹងទាំងអស់នេះ ហើយអាចអះអាងបានថា ពួកវាជាប្រភេទអំបូរសត្វដាយណូស័រដ៏ធំមហិមា… ជាសត្វដ៏ធំបំផុតដែលមិនធ្លាប់មានលើផែនដី។

Titanosaurs បានរស់នៅក្នុងព្រៃនៃតំបន់ Patagonia ដែលមានអាយុកាលចន្លោះពី ៩៥ ទៅ ១០០លានឆ្នាំមុន។ អ្នកស្រាវជ្រាវប៉ាន់ស្មានថា ក្រៅពីប្រវែងដ៏ខ្ពស់អស្ចារ្យរបស់វា វាក៏មានទម្ងន់រហូតដល់ ៥៧តោនផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner