សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបុគ្គលជួយសម្របសម្រួលការលក់អាវុធរបស់កូរ៉េខាងជើងទៅឱ្យរុស្ស៊ី

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារជាតិអាមេរិកបានលើកឡើងថា ខ្លួនបានដាក់បញ្ចូលជនជាតិស្លូវ៉ាគីម្នាក់ ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការជួយសម្របសម្រួលដល់ការលក់អាវុធរបស់កូរ៉េខាងជើងទៅឱ្យរុស្ស៊ី។

ក្រសួងរតនាគារជាតិអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៣០ ខែមីនានេះថា បុគ្គលរូបនោះបានធ្វើការជាមួយមន្ត្រីកូរ៉េខាងជើងនៅចន្លោះចុងឆ្នាំ ២០២២ ដល់ដើមឆ្នាំ ២០២៣។ បុគ្គលរូបនេះត្រូវបានចោទប្រកាន់ថា បានប៉ុនប៉ងបញ្ជូនអាវុធ និងគ្រាប់រំសេវជាច្រើនទៅឱ្យប្រទេសរុស្ស៊ី ជាថ្នូរនឹងយន្តហោះពាណិជ្ជកម្ម, វត្ថុធាតុដើម និងទំនិញផ្សេងៗទៀតសម្រាប់ប្រទេសកូរ៉េខាងជើង។

បើតាមសេចក្តីថ្លែងការណ៍ខាងលើ បុគ្គលដដែលនេះ ក៏អ្នកពាំនាំព័ត៌មានពីមន្រ្តីរុស្ស៊ី ដើម្បីផ្តល់ទៅឱ្យមន្ត្រីកូរ៉េខាងជើងផងដែរ ដែលប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងរបស់គាត់ ដើម្បីទទួលបានឧបករណ៍យោធា។

ទន្ទឹមគ្នា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ខើប៊ី បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានដោយផ្ទាល់លើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើបុគ្គល និងអង្គភាពទាំងឡាយណា ដែលផ្តល់ជំនួយយោធាដល់រុស្ស៊ី៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner