សម្ដេច ស ខេង ណែនាំអាជ្ញាធរ និងពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

(ព្រៃវែង)៖ ក្នុងពិធីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានាក្នុងវត្តពោធិ៍អណ្ដែត (វត្តទួលតាណាល) ភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានា នៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជា កំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។

សម្តេចក្រឡាហោម បានបន្តថា «សមិទ្ធផលទាំងអស់ដែលប្រទេសជាតិយើងសម្រេចបានរហូតមកទល់ពេលនេះ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស»។
សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យនៅតាមអគារសំណង់នានា ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ព្រមទាំងបង្កើន ការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារភ្លើងឆេះព្រៃ នៅតាមមូលដ្ឋានរៀងៗខ្លួន។

លោក ចេម ប្រា អភិបាលស្រុកពារាំង បានឲ្យដឹងថា ព្រះវិហារនេះបានចាប់ផ្តើមកសាងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់មកនៅឆ្នាំ២០១៧ ព្រះតេជគុណធម្មរក្ខិតសាក រាជ ម៉ាន ជាព្រះចៅអធិការស្ដីទី វត្តពោធិអណ្ដែត ហៅវត្តទួលតាណាល ។ ព្រះអង្គបានដឹកនាំកសាងព្រះវិហារ និងសមិទ្ធផលនានា បានកសាងរួចរាល់ ក៏ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា កើតឡើងដោយកម្លាំងសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជនជិតឆ្ងាយ ព្រមទាំងពុទ្ធបរិស័ទ ដែលចំណាយថវិកាអស់ ៥២១.១៥៣ដុល្លារ ។

នៅក្នុងឱកាសនោះ សម្ដេចក៏បានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស ២០ម៉ឺនរៀល និងទិសឥន្ទកិល ៣០ម៉ឺនរៀល ប្រគេនព្រះសង្ឃសម្រាប់កសាងវត្តចំនួន ៥០លានរៀលផងដែរ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner