អង្គការ ILO កំពុងរៀបចំគម្រោងបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:

(ភ្នំពេញ)៖ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងសហការី ។

ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអង្គការអន្តរជាតិខាងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួង និងដៃគូត្រីភាគីក្នុងការចូលរួមអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ។ តាមរយ:លទ្ធផល នៃការអនុវត្តគម្រោងនានា នៃកិច្ចសហប្រតិបត្តិការបានបង្ហាញថា ភាពជាដៃគូររវាងក្រសួង និងអង្គការ ILO នៅតែមានភាពចាំបាច់មិនអាចខ្វះបាន ដែលត្រូវតែខិតខំរួមគ្នាក្នុងការបង្កើតនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំដែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ ILO ដែល លោក Graeme Buckley បានលើកឡើងពីគំនិតផ្តួចផ្តើមចង់បង្កើតឱ្យមានគម្រោងជួយដល់ការអភិវឌ្ឍជំនាញ ក្រោមកិច្ចសហការផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ឱ្យអង្គការ ILO ធ្វើជាអ្នកសម្របសម្រួលគម្រោងនេះដោយមានអ្នកបច្ចេកទេស ជួយលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ទាំងការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រផងដែរ ចំពោះគម្រោងដែលចង់ជួយដល់ការធ្វើឱ្យប្រសើរនូវសុវត្ថិភាពធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូនរបស់កម្មកររបស់និយោជិត ដែលនេះឆ្លើយតបទាំងស្រុងទៅនឹងអនុសាសន៍ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ក្នុងអំឡុងពេលចុះជួបសួរសុខទុក្ខបងប្អូនកម្មកនិយោជិតកន្លងមក។ និងបាន ស្នើឱ្យគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក និងបេឡាជាតិសន្តិសុខសង្គម ដែលមានយន្តការជាក្រុមការងារសុវត្ថិភាពចរាចរផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ដើម្បីបង្កើតឱ្យមានស្តង់ដាសមស្របមួយ កំណត់នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព ។

លោក Graeme Buckley បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងសំដែងនូវការពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពលកន្លងមក ដែលទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ ៕ ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner