លោក ចូ បៃដិន អំពាវនាវឱ្យមានបទប្បញ្ញត្តិធនាគារកាន់តែតឹងរ៉ឹង បន្ទាប់ពីធនាគារធំៗរបស់សហរដ្ឋអាមេរិកដួលរលំ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញឱ្យភ្នាក់ងារនិយតកម្មរឹតបន្តឹងបទប្បញ្ញត្តិធនាគារ បន្ទាប់ពីការដួលរលំធនាគារធំៗក្នុងស្រុកចំនួនពីរ។

សេតវិមានបានបញ្ជាក់នៅថ្ងៃទី៣១ ខែមីនានេះថា ធនាគារដែលមានទ្រព្យសម្បត្តិចន្លោះពី ១០០ពាន់លាន ទៅ ២៥០ពាន់លានដុល្លារគួរតែស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ ច្បាប់កាន់តែតឹងតែងមានរួចហើយ សម្រាប់ធនាគារដែលមានទ្រព្យសម្បត្តិលើសពី ២៥០ពាន់លានដុល្លារ។

បើតាមសេតវិមាន និយតករបានចុះខ្សោយការត្រួតពិនិត្យលើប្រព័ន្ធធនាគារ បន្ទាប់ពីរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ធូរបន្ថយបទប្បញ្ញត្តិ ហើយថា ការណ៍នេះនាំឱ្យប្រព័ន្ធធនាគារបរាជ័យ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យធនាគារកណ្តាល និងនិយតករធនាគារ ស្តារច្បាប់ឡើងវិញ ដែលវិធានការនេះរួមមានការពង្រឹងការត្រួតពិនិត្យ រួមទាំងការធ្វើតេស្តភាពតានតឹង ដើម្បីធានាថា ធនាគារមានដើមទុនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងហានិភ័យ ដូចជាអត្រាការប្រាក់ខ្ពស់ និងការដកប្រាក់រហ័សតាមប្រព័ន្ធអ៊ីនធើណិត។

សូមរម្លឹកថា Signature Bank គឺជាធនាគារដែលពិភពលោកស្គាល់តាមរយៈរូបិយប័ណ្ណគ្រីបតូ ត្រូវបានអាជ្ញាធរញូវយ៉កប្រកាសបិទទ្វារកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ការបិទទ្វារនេះកើតឡើងពីរថ្ងៃបន្ទាប់ពីធនាគារ Silicon Valley បានដួលរលំដោយសារក្ស័យធន៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner