ចំនួនអ្នកស្លាប់កើនដល់ ៣៥នាក់ ក្នុងហេតុការណ៍ធ្លាក់ចូលរណ្តៅទីគោរពបូជាសាសនាហិណ្ឌូនៅឥណ្ឌា

ញូវដែលី៖ មន្រ្តីក្នុងតំបន់បានប្រាប់សារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់ បន្ទាប់ពីពួកគេបានធ្លាក់ចូលទៅក្នុងអណ្ដូង នៅទីគោរពបូជាសាសនាហិណ្ឌូមួយក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើងដល់ ៣៥នាក់ គិតត្រឹមថ្ងៃសុក្រទី៣០ ខែមីនានេះ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះបានដំណើរការ ដើម្បីស្វែងរកមនុស្សកំពុងបាត់ខ្លួនម្នាក់ទៀត។

ឆ្លើយតបនឹងឧបទ្ទវហេតុនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកមានការឈឺចាប់ខ្លាំង ដោយសារព័ត៌មាននៃគ្រោះថ្នាក់នេះ។ លោក ម៉ូឌី បាននិយាយយ៉ាងដូច្នេះថា រដ្ឋាភិបាលថ្នាក់រដ្ឋបាននឹងកំពុងដឹកនាំការងារជួយសង្គ្រោះ និងផ្តល់ជំនួយក្នុងល្បឿនដ៏ឆាប់រហ័ស។ ជាមួយគ្នានេះ ការិយាល័យរបស់លោក ម៉ូឌី បានបញ្ជាក់ថា ការទូទាត់សំណងចំនួន ២០០,០០០រូពី ឬប្រមាណ ២,៤០០ដុល្លារនឹងត្រូវផ្តល់ឱ្យសាច់ញាតិជនរងគ្រោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋ ម៉េដហ៊ីយ៉ា ប្រាដេស លោក ណារ៉ូតាម មីសរ៉ា បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងនៅក្នុងឧបទ្ទវហេតុនេះ។
សូមជម្រាបផងដែរថា ប្រាសាទនានាទូទាំងប្រទេសឥណ្ឌា បានពោរពេញដោយអ្នកគោរពបូជា ក្នុងឱកាសពិធីបុណ្យ Ram Navami ដែលជាខួបកំណើតរបស់ព្រះអម្ចាស់រ៉ាម៉ា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner