គម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង

ភ្នំពេញ៖ “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង គឺ គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា ១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ។ នេះបើតាមបណ្ដាញសង្គមរបស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

គម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង មានខ្លឹមសារសង្ខេបដូចខាងក្រោម៖

គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតគឺ៖(១)គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា (២)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ (៣)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ (៤)គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ (៥)គម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។ ដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការ ផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។

យោងទៅតាមស្ថានភាពនៃការរៀបចំគម្រោង និងពេលវេលា ដែលត្រូវ ការគម្រោងក្រសួងរ៉ែ និងថាមពល រៀបចំនៅពេលនេះនូវការអភិវឌ្ឍគម្រោងចំនួន ៥ ដែលមាននៅក្នុង កញ្ចប់គម្រោងចំនួន ២កញ្ចប់ ដូចខាងក្រោម ក្នុងចំណោមគម្រោង ៤កញ្ចប់ដែលអភិវឌ្ឍ តាមយន្តការ ចាស់៖

  • កញ្ចប់គម្រោងវារីអគ្គិសនីភូមិភាគនិរតី : គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់)នៅខេត្តកោះកុង ផ្គួបបញ្ចូលគ្នាជាគម្រោង
    តែមួយ។
  • កញ្ចប់គម្រោងស្ថានីយពន្លឺព្រះអាទិត្យ : គម្រោងអភិវឌ្ឍស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ១៥០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តកំពង់ឆ្នាំង ៦០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តស្វាយរៀង ៦០មេហ្កាវ៉ាត់ ១គម្រោង និងខេត្តព្រៃវែង ៨០មេហ្កាវ៉ាត់ ១គម្រោង។

ផលប្រយោជន៍នៃការអភិវឌ្ឍគម្រោងទាំង ៥ រួមមាន៖

  • ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័ន
    កាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
  • ផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គប់កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមផង ជាមួយគ្នានោះ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលដែលមានអាងស្តុកទឹកធំនឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សាទុកនៅក្នុងអាងទឹកនេះ ជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោលនិងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀត ។
  • ធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។
  • នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។
  • លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner