ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បើកភ្លើងខៀវឱ្យក្រុមហ៊ុន Cellcard ត្រៀមបោះផ្សាយលក់ភាគហ៊ុន

ភ្នំពេញ៖ ប្រតិបត្តិករទូរគមនាគមន៍ CAMGSM PLC របស់ក្រុមហ៊ុន Royal Group ដែលត្រូវបានគេស្គាល់ថា Cellcard បានទទួលការយល់ព្រមជាគោលការណ៍ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីពេលថ្មីៗនេះ លើការត្រួតពិនិត្យសិទ្ធិក្នុងការចុះបញ្ជីមូលបត្រ ដែលបានបញ្ជាក់ថា ក្រុមហ៊ុនអាចបំពេញតម្រូវការចុះបញ្ជីនៅលើផ្សារហ៊ុនបាន។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។

ការអនុម័តនេះឆ្លុះបញ្ចាំងថា ក្រុមហ៊ុន CAMGSM PLC មានភាគហ៊ុនរបស់ភាគទុនិកមិនតិចជាងប្រហែល ៧.៣លានដុល្លារ នៅកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំចុះបញ្ជីដំបូងនៅផ្សារហ៊ុន និងទទួលបានប្រាក់ចំណេញសុទ្ធមិនតិចជាងប្រហែល ០.៥លានដុល្លារសម្រាប់ឆ្នាំហិរញ្ញវត្ថុពេញលេញចុងក្រោយបំផុត មុនឆ្នាំ កាលបរិច្ឆេទនៃការបំពេញពាក្យសុំ និងសរុបសម្រាប់ប្រាក់ចំណេញសុទ្ធមិនតិចជាងប្រហែល ០.៧៤លានដុល្លារសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនេះ។
នេះបើយោងតាមច្បាប់ចុះបញ្ជីនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។

លោក គឹម សុផានីតា នាយកប្រតិបត្តិការទីផ្សារនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់អ្នកយកព័ត៌មានថា Cellcard នឹងក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដែលបានចុះបញ្ជីដំបូងនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ CSX បន្ទាប់ពីបញ្ចប់ដំណើរការទាំងអស់ដោយជោគជ័យ។ ក្រុមប្រឹក្សាភិបាលសំខាន់នៃទីផ្សារភាគហ៊ុនមានភាគហ៊ុនចំនួន ៧ គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០២២ មានដូចជា PWSA, GTI, PPAP, PPSP, PAS, ABC និង PEPC។ លោក សុផានីតា បន្តថា ការណ៍នេះមានន័យថា ក្រុមហ៊ុនបានឆ្លងផុតដំណាក់កាលដំបូងនៃដំណើរការបោះផ្សាយ។ ឥឡូវនេះ ពួកគេមានសិទ្ធិស្នើសុំការយល់ព្រមបន្ថែមពីនិយតករ។

នៅពេលពួកគេទទួលបានការយល់ព្រម វិនិយោគិននឹងអាចជាវភាគហ៊ុនទាំងនោះបាន។
ជាមួយគ្នានេះ លោក Hanna Mark នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group បានឱ្យដឹងពីផែនការនាពេលថ្មីៗនេះថា ក្រុមហ៊ុននឹងចេញផ្សាយមូលបត្របំណុលសម្រាប់អាជីវកម្មព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យាចំនួនពីរ ដើម្បីខ្ចីប្រាក់ប្រហែល ១៣០លានដុល្លារ ក្នុងនោះ ៧០លានដុល្លារសម្រាប់ក្រុមហ៊ុន Cellcard និង ៦០លានដុល្លារទៀតសម្រាប់ EZECOM ពីអ្នកវិនិយោគសាធារណៈ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេស។

គួរជម្រាបថា CAMGSM PLC គឺជាក្រុមហ៊ុនទីពីរ ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាក្រុមហ៊ុនទី ៩ ដែលគ្រោងនឹងចុះបញ្ជីនៅទីផ្សារគោលរបស់ផ្សារមូលបត្រកម្ពុជាផងដែរ។ CAMGSM PLC ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលផ្តល់សេវាទូរគមនាគមន៍ឈានមុខមួយក្នុងប្រទេសកម្ពុជា រួមមានផ្នែកដំឡើង និងដំណើរការឧបករណ៍ និងគ្រឿងចក្រទាំងអស់ ដែលប្រើប្រាស់ពាក់ព័ន្ធនឹងប្រតិបត្តិការនៃបណ្ដាញទូរស័ព្ទចល័ត GSM ។ បច្ចុប្បន្នក្រុមហ៊ុនមានហាងលក់រាយចំនួន ៥២ទីតាំង បណ្ដាញចែកចាយចំនួន ២,៩ ០០ទីតាំង និងមានទីតាំង Cell Site គ្របដណ្តប់ទូទាំងប្រទេសប្រមាណ ៣,០០០កន្លែង៕ ប្រភព៖ Khmer Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner