រដ្ឋមន្រ្តីក្រសួងផែនការ ជំរុញមន្រ្តីជំរឿនកសិកម្មទាំងអស់ត្រូវយកចិត្តទុកដាក់លើការងាររបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន បានជំរុញដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ជំរឿនទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ដើម្បីឱ្យដំណើរការធ្វើជំរឿនកសិកម្មឆ្នាំ ២០២៣ នៅកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេសទទួលបានជោគជ័យ។

ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និង
មន្ត្រីសម្ភាសន៍ជំរឿនកសិកម្មចំនួន ៤៧នាក់ នៅខេត្តកំពត កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣ បានលើកឡើងថា ខណៈដែលការធ្វើជំរឿនកសិកម្មនៅកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះតទៅ និងមានរយៈពេល៣០ថ្ងៃ​ ហេតុនេះ សូមឱ្យមន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ មានសីលធម៌ក្នុងវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន។

លោកបន្តថា៖«មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលពីគ្រូបង្គោលមកពីក្រសួងផែនការ ត្រូវទទួលខុសត្រូវលើភារកិច្ចការងាររបស់ខ្លួន ដោយមិនត្រូវឱ្យមានការធ្វេសប្រហែស ឬបង្កលក្ខណៈខុសឆ្គងប្រាសចាកពីភារកិច្ច និងក្រមសីលធម៌របស់ខ្លួនឡើយ ហើយក៏ត្រូវចេះសហការគ្នា ជាមួយមន្ទីរផែនការខេត្ត ដើម្បីអនុវត្តការងារធ្វើជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣នេះ ឱ្យសម្រេចបានលទ្ធផលគួរជាទីទុកចិត្ត និងប្រសិទ្ធភាព»។

លើសពីនេះ រដ្ឋមន្រ្តីក្រសួងផែនការ ក៏អំពាវនាវដល់ម្ចាស់អង្គភាពកសិកម្ម សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់ សូមជួយគាំទ្រ និងផ្តល់ទិន្នន័យ ព័ត៌មាន តាមតារាងសំណួរដល់មន្រ្តីជំរឿនកសិកម្មឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ជាក់លាក់ និងទាន់ពេលវេលាផងដែរ។ លោក ឆាយ ថន ក៏បានថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានបង្កលក្ខណៈងាយស្រួល ដល់មន្ត្រី ដើម្បីឱ្យការអនុវត្តធ្វើជំរឿនប្រព្រឹត្តទៅរលូន។

គួរបញ្ជាក់ដែរថា បើតាមក្រសួងផែនការ ជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា នឹងត្រូវធ្វើ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះគឺជាជំរឿនកសិកម្មលើកទី២នៅព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុង ការផ្តល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម។

ការងារជំរឿនកសិកម្មឆ្នាំ២០២៣ គឺត្រូវបានឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ ( FAO) និងគាំទ្រថវិកាទាំងស្រុង ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣ ដែលមានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មានចំនួនប្រជាជនកម្ពុជាមានកំណើនដល់ជាង១៧ លាននាក់ ដែលមានប្រមាណ ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ ហើយនិងគ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំប្រទេសកម្ពុជាមានប្រមាណជាង ២,៧លានគ្រួសារ៕

ដោយ៖​ សែម ពិសី

ads banner