កម្ពុជា និងអេហ្ស៊ីប លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ ឯកឧត្តម Sameh SHOUKRY រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។

ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម Sameh SHOUKRY បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដែលបានកសាងឡើងដោយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Gamal Abdel Nasser អតីតប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលជាសមាជិកស្ថាបនិកនៃចលនាមិនចូលបក្សសម័្ពន្ធ។

រដ្ឋមន្រ្តីទាំងពីរបានគូសបញ្ជាក់ អំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងស្របពេលនឹងខួបអនុស្សាវរីយ៍ ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងបានពិភាក្សាអំពីសក្តានុពលនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា បន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្រ្តីការបរទេស Sameh SHOUKRY ក៏បានឯកភាពពិចារណាបង្កើតឲ្យមាននូវកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែល ជា យន្តការមួយ ដើម្បីរិះរកវិធី និងមធ្យោបាយនានា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ។ ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពជំរុញឲ្យមានការចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីកិច្ចពិគ្រោះយោបល់នេះ នាពេលខាងមុខ ។

ឆ្លើយតបទៅនឹងការរីកចម្រើននៃទំនាក់ទំនង ឯកឧត្តមរដ្ឋមន្ត្រី Sameh SHOUKRY បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា អេហ្ស៊ីបនឹងពិចារណាបើកស្ថានទូតរបស់ខ្លួននៅភ្នំពេញ។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតនៅឡើយ និងបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងបានជំរុញឲ្យមានការប្រាស្រ័យទាក់ទងគ្នារវាង ក្រសួងពាក់ព័ន្ធរបស់ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអំពាវនាវឲ្យប្រទេសអេហ្ស៊ីបទាញយកប្រយោជន៍នៃភាពទាក់ទាញ និងសក្តានុពលរបស់កម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា។
រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពឲ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរប្រើប្រាស់សក្តានុពលនៃប្រទេសរៀងៗខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងពិចារណារៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអេហ្ស៊ីប ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអេហ្ស៊ីប រួមទាំងនិសិ្សតចំនួន ៩២ នាក់ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ និងបានស្នើភាគីអេហ្ស៊ីបពិចារណារផ្តល់អារូបករណ៍លើមុខជំនាញបច្ចេកទេស បន្ថែម ទៀត រួមទាំងក្នុងកសិកម្ម និងឌីជីថលនូបីយកម្ម ដែលសំណើនេះទទួលបានការឯកភាពពីសមភាគីអេហ្ស៊ីប។ ឯកឧត្តមរដ្ឋមន្ត្រី Sameh SHOUKRY ក៏បានឯកភាពចែករំលែកនូវបទពិសោធន៍ល្អៗនៅក្នុងវិស័យកសិកម្ម និងបើកចំហរសម្រាប់ការបណ្តុះបណ្តាល និងទំនាក់ទនងដោយផ្ទាល់រវាងអ្នកកជំនាញរបស់ប្រទេសទាំងពីរ។

រដ្ឋមន្រ្តីទាំងពីររូប បានសំដែងនូវសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាពិសេស ការចុះហត្ថលេខាលើឯកសារ សំខាន់ៗ ចំនួន ៣ ដូចជា (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ (២) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកបុរាណវិទ្យា សារមន្ទីរ និងបេតិកភណ្ឌ និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា និងវិទ្យាស្ថានសិក្សាការទូតអេហ្ស៊ីប។

ចំពោះកិច្ចសហប្រតិបតិ្តការក្នុងក្របខណ្ឌពហុភាគី រដ្ឋមន្រ្តីការបរទេសទាំងពីរបានកត់សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះទស្សនវិស័យដូចគ្នារវាងប្រទេសទាំងពីរលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន និងបានប្តេជ្ញាចិត្តចំពោះពហុភាគីនិយម សន្តិភាពសកលលោក សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិនានា និងប្រតិបត្តិការរក្សាសន្តិភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែង អំណរគុណចំពោះសមភាគីអេហ្ស៊ីប ដែលបានអះអាងសាជាថ្មីនូវការគាំទ្រពេញទំហឹងរបស់អេហ្ស៊ីបចំពោះ បេក្ខភាពកម្ពុជា ដើម្បីក្លាយជាសមាជិកសងេ្កតការណ៍នៃអង្គការសហប្រតិបតិ្តការអ៊ីស្លាម (Organization of Islamic Cooperation –OIC)។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម Sameh Shoukry ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់ និងប្រយោជន៍រួម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រា ក់ សុខុន បានអញ្ជើញ ឯកឧត្តម Sameh Shoukry រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅពេលវេលាសមស្របទៅវិញទៅមក។ ឯកឧត្តម Sameh SHOUKRY បានទទួលយកនូវការអញ្ជើញនេះដោយក្តីសោមនស្សរីករាយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតពេលស្នាក់នៅទីក្រុងគែរ ជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជាចំនួន ៧០នាក់ ដែលកំពុងសិក្សានៅប្រទេសអេហ្ស៊ីប នៅស្ថានឯកអគ្គរាជទូតកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner