មេបញ្ជាការសឹករងកំពង់ធំ ណែនាំដល់សិក្ខាកាមទាំងអស់ បន្តហ្វឹកហ្វឺនក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងត្រៀមសហការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ

កំពង់ធំ៖ ក្នុងការបិទវគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប ជូនកងកម្លាំង នៅល្ងាចថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់សិក្ខាកាមទាំងអស់ បន្តហ្វឹកហ្វឺនបំប៉នម្ចាស់ការតាមអង្គភាពនីមួយៗ និងត្រូវត្រៀមខ្លួនអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ពិសេសចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបាន សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខ ។

លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍ពីលទ្ធផល ចំណុចខ្លាំង ចំណុចខ្វះខាត ក្នុងការហ្វឹកហ្វឺនម្ចាស់ការបំប៉នក្បាច់គុនរបស់កងយោធពពលខេមរភូមិន្ទ លំហាត់របៀប និងការហ្វឹកហាត់ក្បាច់រាំម៉ាឌីសុនជាក្រុម តាមផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋាន យោធភូមិភាគទី៤ ដែលការហ្វឹកហាត់ក្នុងរយៈពេលខ្លី ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះគ្រូយោធាចារ្យទាំងអស់ សិក្ខាកាមគ្រប់រូប ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ហាត់បង្រៀន និងការហ្វឹកហាត់បំប៉នក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ ការហ្វឹកហាត់លំហាត់របៀប និងការហ្វឹកហាត់ក្បាច់រាំម៉ាឌីសុនជាក្រុម តាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន បានយ៉ាងល្អប្រសើរ ៕

ដោយ ប៊ុន រដ្ឋា

ads banner