ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការចាប់ផ្តើម​ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (រូបថតគ.ជ.ប)

ក្នុងកិច្ចប្រជុំនោះឯកឧត្តម ប្រាជ្ជ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពីក្របខ័ណ្ឌ​​ច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលផ្តើមចេញ​ពីមូលដ្ឋាន​នោះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និង​នីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មាន ការងារជាច្រើនដែលត្រូវធ្វើជាមួយ​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយការងារទាំងនោះត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់។

ឯកឧត្តមប្រធាន គ.ជ.ប បានមានប្រសាសន៍អំពី ការរៀបចំបញ្ជីបោះឆ្នោត អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សរុប​មានចំនួន ៩.៧១០.៦៥៥នាក់ ស្មើនឹង ៨៩,២៨ភាគរយ នៃស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋដែលមានអាយុ ១ ៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះ​ឆ្នោត ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩នាក់ និងមានការិយា ល័យ បោះឆ្នោត សរុបចំនួន ២៣.៧៨៩ការិយាល័យ។

ពាក់ព័ន្ធនឹងប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍អំពីបែបបទ កាលបរិច្ឆេទ​នៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ​បោះឆ្នោ ត និងបញ្ជីបេ ក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងការបូក​សរុបលទ្ធផលនៃការបោះឆ្នោត និងការប្រកាសផ្សាយលទ្ធផលនៃការបោះឆ្នោត។

ចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ក្រោយពីការដោះស្រាយពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធនឹង​លទ្ធផល​បណ្ដោះអាសន្ននៃការ បោះឆ្នោតចប់រួចរាល់ជាស្ថាពរ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវកា រនៃការបោះឆ្នោត លទ្ធផល នៃការបែងចែក​អាសនៈ និងប្រកាសផ្សាយបេក្ខជនជាប់ឆ្នោត ជូនសាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

មានសំណួរ និងសំណូមពរមួយចំនួនបានលើកឡើងដោយភាគីចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធ នឹងអ្នកសង្កេតការណ៍ថ្នាក់ជាតិ ការឈរ​ឈ្មោះជាបេក្ខជន ការលើកស្លាកគណបក្សនយោបាយ នៅមូលដ្ឋាន និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គ.ជ.ប រួមជាមួយស្ថាប័ន​រដ្ឋាភិបាលទៅសាធារណរដ្ឋបារាំងក្នុងពេលថ្មីៗនេះ និងសំណូមពរឱ្យ គ.ជ.ប រៀបចំការបោះឆ្នោត ដើម្បីជួយប្រទេសកម្ពុជាមាន​ប្រជាធិបតេយ្យ​កាន់តែរឹងមាំ ព្រមទាំងសំណូមពរឱ្យមានការប្រកួតប្រជែងប្រកប ដោយគុណធម៌ ទទួលយកការពិតបែបវិទ្យាសាស្រ្ត និងត្រូវចេះទទួលយកលទ្ធផលនៃការបោះឆ្នោត ជាជាងបង្កបញ្ហាដើម្បីឱ្យបរទេសយកប្រជាធិបតេយ្យមកឱ្យកម្ពុជា។

គ.ជ.ប បានឆ្លើយទៅនឹងសំណួរ និងពន្យល់ដល់ភាគីពាក់ព័ន្ធទាំងអស់មួយចំណុចម្តងៗ ដើម្បីបានយល់ និងបានបញ្ជាក់ជូនថា ពាក់ព័ន្ធការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ គ.ជ.ប នឹងមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមដំណាក់កាល និងតាមប្រធានបទ​នីមួយៗជា​បន្តទៀត។

ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការប្រកាសផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបារាំង គ.ជ.ប បានមើលឃើញថា ប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំងខុសពីប្រទេស​កម្ពុជា ហើយមានប្រទេសតិចណាស់ដែលរៀបចំការបោះឆ្នោតដូចប្រទេសបារាំង។ ប្រទេសបារាំងបានកសាងច្បាប់ និងរៀបចំការបោះឆ្នោត នេះតាំងពីយូរមកហើយ មុនការបោះឆ្នោតនៅប្រទេសកម្ពុជាទៅទៀត។ ជារួមមានចំណុចខ្លះ ប្រទេសកម្ពុជាយើងមានលក្ខណៈប្រសើរជាង និងងាយស្រួលជាង។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា គ.ជ.ប ជាអាជ្ញាកណ្តាលដែលអនុវត្តតាមច្បាប់បោះឆ្នោត និងអនុវត្តតាម​បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលបានពីការសកម្មចូលរួមពីភាគីពាក់ព័ន្ធ។ ឯកឧត្តម សង្ឃឹមជឿជាក់ប្រកបដោយ សុទិដ្ឋិនិយមថា ភាគីពាក់ព័ន្ធទាំងអស់នឹងពង្រឹងការចូលរួមសហការជាមួយ គ.ជ.ប ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដី​ណែនាំផ្សេងៗ ដើម្បីធ្វើយ៉ា ង ណា ធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។មួយវិញទៀតក្នុងកាលៈទេសៈ​​ ដែលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ ឯកឧត្តម ក៏សូមអំពាវនាវយ៉ាងទទូចឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរ ដ្ឋទាំងអស់បន្ត​ការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចហើយត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់ឱ្យបានគ្រប់ៗគ្នា។

(រូបថត គ.ជ.ប)


គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី១ ជាមួយភាគីពាក់ព័ន្ធសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាសភាពចូលតំណាងមកពីក្រុមប្រឹក្សា ធម្មនុញ្ញ រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន អគ្គស្នងការ ដ្ឋាននគរបាលជាតិ តំណាង គណបក្សនយោបាយមន្ត្រីមកពី ស្ថានទូតជប៉ុន តំណាង សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានចំនួនប្រមាណ ៧០ នាក់៕ ដោយ៖ ពលជ័យ

ads banner