កាកបាទក្រហមកម្ពុជា ប្រគល់អំណោយមនុស្សធម៌ជាលើកទី១០ ដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរ សុខទុក្ខ នាំយក អំណោយ មនុស្សធម៌ជាលើកទី១០ (គិតចាប់តាំងពីឆ្នាំ២០១៤) និងរៀបចំ អាហារថ្ងៃត្រង់មួយពេល ជូនកុមារ-សិក្សានុ សិស្សចំនួន ១.៣៧១នាក់ និងបុគ្គលិក ៦៥នាក់ នៃអង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីបានប្រព្រឹត្តិធ្វើនៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោត សរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសរបស់អង្គការ ដែលបាននិងកំពុង យកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសំរាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញ លេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួម ក្នុងការងារសង្គម ប្រកបដោយបរិយាបន្ន ហើយ ជាពិសេស ទទួលបានជោគជ័យក្នុងជីវិត និងមានការងារធ្វើសមរម្យ។

លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្សា នុសិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តមេត្តា ករុណា យកចិត្តទុកដាក់ គិតគូរ ជួយ ឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមដល់ កុមារទាំង អស់ ឱ្យខិតខំតស៊ូក្នុងជីវិត ជម្នះរាល់ការលំបាក ដើម្បីប្រែក្លាយ ជីវភាព គ្រួសារ ឱ្យមានការរីកចម្រើន។

លោកស្រីក៏បានថ្លែងអំណរគុណផងដែរចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រដល់អង្គការនា ពេលកន្លងមក និងបន្ត អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាជួយឧបត្ថម្ភ គាំទ្រជាថវិកា ឬសម្ភារផ្សេងៗទៅតាមលទ្ធភាពដល់អង្គការ លើកស្ទួយ ប្រជាពលរដ្ឋ ក៏ដូចជាបានជួយដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិក ជា ពិសេស កុមារដែលឥតទីពឹងនៅក្នុងអង្គការដែលកំពុងជួបនូវការលំបាក ដើម្បីបាន បន្ត ការសិក្សារៀនសូត្រ និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិនៅថ្ងៃខាងមុខ។

យុវនារី ម៉ុល ឆេងលីន អាយុ ២០ឆ្នាំ ប្រឡងជាប់ថ្នាក់ទី១២ និងយុវនារី រាជ សុលីដា អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី១០ បានសម្តែងនូវការ ដឹងគុណ យ៉ាង ជ្រាលជ្រៅបំផុតចំពោះ សម្តេចយាយមនុស្សធម៌ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅក្បែរចៅៗ គិតគូរពីសុខទុក្ខ និងការ លំបាករបស់ចៅៗគ្រប់ពេលវេលា។ ជាការតបស្នងនូវគុណបំណាច់នេះ ចៅៗទាំងអស់មានតែការប្តេជ្ញាចិត្ត ខិតខំសិក្សារៀនសូត្រ ធ្វើជាពលរដ្ឋល្អក្នុង សង្គម និងចូលរួមថែរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ តទៅមុខទៀត។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ រួមមាន អង្ករ ៥តោន, មី ៧០កេស, ត្រីខ ១០កេស, ទឹកត្រី ៦០ដប, ទឹកស៊ីអ៊ីវ ៦០ដប, ទឹកក្រូច ៦០កេស, ទឹកសុទ្ធ ៦០កេស, កាបូបក្មេង ៣០០, សាប៊ូដុសខ្លួន ៣៦០ដប, សម្លៀកបំពាក់សិស្ស ៤៤០ឈុត, សៀវភៅសរសេរ ៥០០ក្បាល និងថវិកា ១០លានរៀល (ដប់លានរៀល) រួមជាមួយអាហារថ្ងៃត្រង់មួយពេល៕
ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner