ទ័ពអាមេរិក-ហ្វីលីពីនធ្វើសមយុទ្ធបាញ់គ្រាប់ពិត

ម៉ានីល៖ កងទ័ពហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ផ្តោតលើការការពារទឹកដី ដោយព្រឹត្តិការណ៍នេះរៀបចំឡើង នៅលើទឹកដីហ្វីលីពីន។

កងទ័ពហ្វីលីពីនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយសមភាគីអាមេរិក នៅក្នុងជំរុំយោធាដ៏ធំបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលជាផ្នែកមួយនៃសមយុទ្ធរវាងកងទ័ពនិងកងទ័ព ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់ទីក្រុងម៉ានីលប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។

សមយុទ្ធនេះកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន ម៉ាកូស ជេអ័រ ( Ferdinand Marcos Jr) កាលពីខែកុម្ភៈ ដើម្បីពង្រីកការចូលប្រើរបស់សហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានយោធារបស់ប្រទេសរបស់លោក ដែលជាទង្វើមួយដែលធ្វើឱ្យចិនខឹងសម្បារ ចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានបង្កភាពតានតឹងនៅក្នុងតំបន់។

ទាហានហ្វីលីពីន និងអាមេរិកជាង ៣០០០ នាក់បានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំ រយៈពេល ៣ សប្តាហ៍ ដែលមានឈ្មោះថា សាឡាក់ នីប (Salaknib)។ កាលពីថ្ងៃសុក្រ សប្តាហ៍នេះ មានសមយុទ្ធប្រឆាំងរថក្រោះ និងអាវុធធុនតូច និងការបាញ់លើប្រព័ន្ធរ៉ុក្កែត ចល័តខ្ពស់ ហ៊ីមាសន៍(Himars) ។

សមយុទ្ធយោធារួមគ្នារវាងកងទ័ពអាមេរិក និងហ្វីលីពីនេះបាននិងកំពុងប្រព្រឹត្តទៅ នៅឯមូលដ្ឋានយោធា ហ្វ័ត ម៉េកសាយសាយ (Fort Magsaysay) ស្ថិតក្នុងខេត្ត នូអេវ៉ា អេស៊ីចា (Nueva Ecija) ប្រទេសហ្វីលីពីន៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner