រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១នឹងដាក់ឱ្យប្រើប្រាស់នៅខែឧសភានឹងរួមចំណែកកាត់បន្ថយកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញបានវិនិយោគទៅលើការពង្រីកវិសាលភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន៣ទីតាំង។ក្នុងនោះរោងចក្រផលិតទឹក ស្អាតបាក់ខែង ដែលនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជំហាន ទី១នឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំនេះ នឹងចូលរួមចំណែក កាត់ បន្ថយកង្វះទឹកស្អាត ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។(រាយការណ៍ ដោយកន្និកា)។
Read:ប្រភពពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅថ្ងៃទី១ខែមេសានេះបានឱ្យដឹងថារោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ទីតាំងដែលត្រូវបានពង្រីកនោះរួមមាន៖ ១. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី១-២ដែលមានសមត្ថភាពផលិតសរុប៣៩០.០០០ម៉ែត្រគូប ក្នុងមួយ ថ្ងៃ, ២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ សមត្ថភាពផលិត ៣០.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ និងទី៣ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ សមត្ថភាពផលិត ៥.០០០ម៉ែត្រក្នុងមួយថ្ងៃ ។
ប្រភពដដែលបានឱ្យដឹងថានាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ដែលមានសមត្ថភាពផលិត១៩៥.០០០ម៉ែត្រគូបថ្ងៃ ដែលនឹងជួយកាត់បន្ថយកង្វះទឹក ស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ព្រមជាមួយ គ្នានេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើសុំកិច្ច សហការពីសំណាក់អតិថិជន ឧស្សាហកម្ម និងសិប្បកម្ម ក្នុងការ ចូលរួមសន្សំសំចៃទឹក ដោយយោងស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាត នារដូវប្រាំងឆ្នាំ២០២៣នេះ មានសភាពខ្វះខាតខ្លាំងបណ្តាល ឱ្យ តំបន់ជាយក្រុងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពុំទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
ប្រភពដដែលបន្តថាដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះ មុនពេលដែលរោងចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការ នៅដើមខែឧសភា ខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូម អតិថិជនឧស្សាហកម្ម និងសិប្បកម្មទាំងអស់ចូលរួមសន្សំ សំចៃទឹក ក្នុងន័យចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ឱ្យស្រប តាមគោលនយោបាយ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” របស់ រាជរដ្ឋាភិបាលជួយតាមរយៈជួយសន្សំសំចៃទឹក៕
ដោយៈសុខ រក្សា

