ប្រធានាធិបតីបេឡារុសកំពុងចរចារឿងប្រគល់នុយក្លេអ៊ែរមកប្រទេសខ្លួនវិញ ជាមួយលោកពូទីន
មីនស្កិ៍៖ ប្រធានាធិបតីប្រទេសបេឡារុសបានអះអាងថា លោកកំពុងពិភាក្សាអំពីការប្រគល់នុយក្លេអ៊ែរមកប្រទេសរបស់លោកវិញ ជាមួយនឹងប្រធានាបតីរុស្ស៊ី លោកពូទីន។
លោក ប្រធានាធិបតីប្រទេសបេឡារុស លូកាស់ សិនកូ (Lukashenko) បាននិយាយថា លោកកំពុងតែពិភាក្សាអំពីការប្រគល់នុយក្លេអ៊ែរមកឲ្យប្រទេសបេឡារុសវិញ ជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ី។
ប្រធានាធិបតីប្រទេស បេឡារុស លោក អេឡិចសាន់ឌឺ លូកាស់ សិនកូ (Alexander Lukashenko) បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់ប្រទេស និងសភា កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា ការវិវឌ្ឍន៍ភូមិសាស្ត្រនយោបាយចុងក្រោយបំផុតបានជំរុញឱ្យប្រទេសបេឡារុស បង្កើនកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ស្តីពីការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរ នៅលើទឹកដីរបស់ខ្លួន។
លោកបាននិយាយថា “ដោយគិតពីរបៀបដែលអ្វីៗកំពុងលាតត្រដាង និងស្ថានភាពយោធា-នយោបាយនៅជុំវិញប្រទេសរបស់យើង ខ្ញុំបានចាប់ផ្តើមពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី [វ្ល៉ាឌីមៀ] ពូទីន លើការប្រគល់អាវុធនុយក្លេអ៊ែរទៅបេឡារុស្ស” ដោយសំដៅទៅលើនុយក្លេអ៊ែរដែលប្រទេសរបស់លោកបានផ្ទេរទៅឱ្យរុស្ស៊ី នៅក្នុង ឆ្នាំ ១៩៩០ ។
លោក លូកាស់ សិនកូ (Lukashenko) បានរំលឹកថា កាលពីឆ្នាំ ១៩៩៤-១៩៩៥ នូវការសម្រេចចិត្តរបស់លោក មិនដកអាវុធនុយក្លេអ៊ែរ ដែលត្រូវបានរិះគន់មិនត្រឹមតែដោយលោកខាងលិចប៉ុណ្ណោះទេ ថែមទាំងដោយប្រធានាធិបតីទីមួយរបស់រុស្ស៊ីផងដែរ។
“ខ្ញុំបាននិយាយថា “ទេ ខ្ញុំបដិសេធមិនដក [នុយក្លេអ៊ែរ] ទេ។ ខ្ញុំនៅតែចងចាំប្រតិកម្មរបស់គាត់ ដូចដែលគាត់បានប្រាប់ខ្ញុំថា ពួកគេនឹងបំផ្លាញ និងកំទេចអ្នក ហើយអ្នកនឹងមិនអាចរក្សាក្បាលគ្រាប់យុទ្ធសាស្ត្របានទេ” ៕ ប្រភពពី TASS ប្រែសម្រួលដោយ៖ សារ៉ាត