អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ចាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ:
អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន លោក Kunihiko HIRABAYASHI បានបង្ហាញការចាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា ដោយបានលើកឡើងថា ព្រោះមានភាពសម្បូរបែបប្រកបដោយសក្តា នុពលខ្ពស់ និងធម្មជាតិ ដោយរក្សាទុករសជាតិដើម និងក្លិន ពិសេស (ស្វាយ ស្វាយចន្ទី និងម្រេច) ជាដើម។

ការបង្ហាញចំណាប់អារម្មណ៍របស់លោក Kunihiko HIRABAYASHI ខាងលើនេះ ធ្វើឡើងក្នុងពេលលោកឡើងថ្លែងក្នុងសិក្ខាសាលា ស្តីពី «ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន» ដែលរៀបចំឡើងដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ តាមរយៈកិច្ចសហការរៀបចំរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ។

បើតាមក្រសួងពាណិជ្ជកម្មក្នុងពិធីនោះ លោក Kunihiko បានថ្លែងថា «ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និងគុណភាព»។
លោកបញ្ជាក់ទៀតថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាពក្នុងតំបន់នៃសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុនផងដែរ។
ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសជប៉ុនដែលជាទីផ្សារធំមួយក្នុងតំបន់ ហើយការរៀបចំសិក្ខាសាលានៅពេលនេះ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន ក្រោយវិបត្តិជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន វិញ ឯកឧត្តម កៅ កោសល បញ្ជាក់ ក្នុងឆ្នាំ២០២២ មានទឹកប្រាក់ប្រមាណជាង ១,៩៤៨ លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,១៧៣លានដុល្លារអាមេរិក និងជប៉ុនបាននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៧៧៥ លានដុល្លារអាមេរិក។ គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជា រួមមាន វិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ឯកឧត្តមបន្ថែមថាក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យ ធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានផងដែរ៕
ដោយ:យុត្ថារ៉ូ

ads banner