អគ្គនាយកធនាគារហ្វីលីព ៖ សាខាថ្មីនៃធនាគារហ្វីលីព នៅខេត្តកំពង់ចាម ជាចំណែកមួយក្នុងការជំរុញសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ឱ្យឆ្ពោះទៅមុខ
កំពង់ចាម ៖ ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការសាខាថ្មី ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាមលោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព សាខាថ្មីនៅខេត្តកំពង់ចាម ជាចំណែកមួយ ក្នុងការជំរុញសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចក្នុងស្រុក ឱ្យឆ្ពោះទៅមុខមួយកម្រិតទៀត ។

លោកអគ្គនាយកធនាគារហ្វីលីព មានប្រសាសន៍បន្តថា “ការបើកបម្រើជូនសេវាធនាគារពេញលេញនៅសាខាកំពង់ចាម បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ធនាគារ ហ្វីលីព ដើម្បីនាំមកនូវសេវាកម្មធនាគារដ៏ល្អបំផុត និងឆ្លើយតបទៅនឹងកំណើន នៃតម្រូវការសេវាធនាគារប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។”

សាខាកំពង់ចាមរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យប្រែក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ ដែលមានរចនាបថថ្មី នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។ សាខាធនាគារពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ ។

សាខាកំពង់ចាម ត្រូវបានរចនាឡើងយ៉ាងប្រណិត ទាំងរូបរាងអគារ និងបញ្ជរសម្រាប់បម្រើអតិថិជន ក៏ដូចជាចំណតរថយន្តដ៏ធំទូលាយ បន្ទប់ពិភាក្សាដែលបានរៀបចំយ៉ាងល្អ និងបញ្ជរជាច្រើនដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជនប្រកបដោយផាសុកភាព និងឯកជនភាព។ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើ និងឆ្លើយតបរាល់ការសាកសួររបស់អតិថិជនអំពីផលិតផល និងសេវាកម្មរបស់ធនាគារប្រកបដោយវិជ្ជាជីវៈ៕
ដោយ / គ្រី សម្បត្តិ