ជាង ២០ឆ្នាំមកនេះ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅខេត្តកំពង់ធំ បានធ្វើមាតុភូមិនិវត្តន៍ចំនួន ១.១៥១អដ្ឋិធាតុ

កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបានស្វាគមន៍ភាគីមិត្ត លោកវរសេនីយ៍ឯក ជិន បាជុង និងប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម និងរាយការណ៍ជូនអំពីលទ្ធផលសហប្រតិបត្តិការជាមួយក្រុមបច្ចេកទេស K៧២ របស់ខេត្តប៊ិញភឿក ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅលើភូមិសាស្ត្រខេត្តកំពង់ធំ ហើយបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ចំនួន ១.១៥១អដ្ឋិធាតុរួចហើយ ។

លោកវរសេនីយ៍ឯក ជិន បាជុង បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលបានសហការល្អ បង្កលក្ខណៈងាយស្រួលដល់ក្រុមបច្ចេកទេស K៧២ របស់ខេត្តប៊ិញភឿក ក្នុងការជីករុករកអដ្ឋិធាតុនិងធ្វើមាតុភូមិនិវត្តកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសកំណើតវិញ និងសូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលគ្រប់ៗក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន ។

នៅក្នុងឱកាសនេះដែរ ភាគីទាំងពីរបានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក និងបានសូមជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាពសហប្រតិបត្តិការរវាងកងទ័ពប្រជាជនទាំងពីរ កម្ពុជា-វៀតណាម ស្ថិតស្ថេរជានិច្ចនិរន្ត៕ ដោយ ប៊ុន រដ្ឋា

ads banner