គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង៖ ដាក់បទបញ្ជា ដល់គ្រប់កងកម្លាំងត្រូវបង្កើនការថែរក្សាការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកុំឲ្យបាត់បង់ សូម្បីតែមួយមីល្លីម៉ែត្រ

ខេត្តបាត់ដំបង ៖ ខណៈ ចុះសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែនគោក ក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ស្រុកសំឡូត ស្រុកសំពៅលូន និងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខិតជិតចូលដល់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់គ្រប់កងកម្លាំងទាំងអស់ ត្រូវប្រុងប្រយ័ត្នក្នុងការយាមកាម២៤ម៉ោងលើ២៤ម៉ោង និងការដើរល្បាតយាមកាមតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រដែលខ្លួនឈរជើង និងទទួលខុសត្រូវ ដោយធ្វើយ៉ាងណាធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្ថិភាពឲ្យល្អប្រសើរ ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ។

ឯកឧត្តម បន្តថា៖ កងកម្លាំងយើងនៅតាមបន្ទាត់ព្រំដែនបានលះបង់ ខិតខំក្នុងការថែរក្សាបូរណភាពទឹកដីបានយ៉ាងល្អ ធ្វើឲ្យព្រំដែនមានសុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងរបស់យើង ជាមួយនិងកងកម្លាំងប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាធានាឲ្យបានព្រំដែនសន្តិភាព និងជាព្រំដែនផ្លាស់ប្តូរសេដ្ឋកិច្ចទៅវិញទៅមក និងធ្វើឲ្យប្រជាជនប្រទេសទាំង២ មានសុខសន្តិភាព សុវត្ថិភាព ក្នុងការប្រកបមុខរបររកស៊ីជាមួយគ្នាធ្វើការផ្លាស់ប្តូរទំនិញនិងកសិផលទៅវិញទៅមក និងត្រូវរួមសហការខិតខំលុបបំបាត់ឲ្យអស់អំពើចោរកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងពលកម្មកុមារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ។

ក្នុងនោះដេរ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់គ្រប់កងកម្លាំងត្រូវការពារឲ្យបាននូវសុខសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងត្រូវបន្តគាំទ្របេក្ខភាពសម្តេចតេជោហ៊ុសែនជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ និងគាំទ្រនូវបេក្ខភាពឯកឧត្តម ហ៊ុនម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេននៅថ្ងៃខាងមុខ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner