រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ​រដ្ឋាភិបាល​មិនដែល​ទុកឱ្យប្រជាជនណាម្នាក់​មិនទទួល​បាន​ការ​ថែទាំសុខភាព​នោះឡើយ​

អត្ថបទដោយ៖
CPA

ត្បូងឃ្មុំ៖មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុង​​ខេត្តត្បូងឃ្មុំ ដែលមានអគារធំៗចំនួនពីរ និង​ជាមន្ទីរពេទ្យ​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធល្អនិង​បំពាក់ដោយឧបករណ៍ទំនើបៗ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បានសាងសង់រួចជាស្ថាពរនិងត្រូវបាន​ប្រកាសដាក់​ឱ្យប្រើប្រា​ស់​​ជាផ្លូវការនាព្រឹក​ថ្ងៃទី​៣ខែមេសាឆ្នាំ​២០២៣។ យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីចំនួន​ពីរអគារនេះ​​ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់បួនជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ និងជាន់ទី ៣។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាយករដ្ឋមន្រ្តី​និងដឹកនាំការសាងស​ង់ដោយឯកឧត្តម  ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។​

 ក្រសួងបានបន្តថា ​មន្ទីរពេទ្យនេះ ​មាន​បន្ទ​ប់ពិនិត្យជំងឺទូទៅ, សង្រ្គោះបន្ទាន់, វះកាត់, សម្រាកព្យាបាល, មន្ទីរពិសោធន៍វេជ្ជសាស្រ្ត, អេកូសាស្រ្ត, X-Ray, សម្ភពនិងរោគស្រ្តី, ព្យាបាលជំងឺកុមារ, ព្យាបាលជំងឺមាត់ធ្មេញ, ឃ្លាំងបរិក្ខារវេជ្ជសាស្រ្ត និងឃ្លាំងឱសថ។

​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាលបាន​លើកឡើង​ឱ្យ​ដឹងនាពិធីសម្ពោធនោះថា មន្ទីរពេទ្យ​នេះជាការចូលរួម​ចំណែក​ដ៏ធំធេង​ក្នុងការ​គ្របដណ្តប់សេវាសុខភាព​ជាសកល​ ជាពិសេសជូនដល់ប្រជាជន​ដាច់ស្រយា​លដោយមិនទុកឱ្យប្រជាជនណាម្នាក់​មិនទទួល​បាន​ការ​ថែទាំសុខភាព​នោះឡើយ។

ឯកឧត្តមមានប្រសាសន៍ថា ការសម្រេចបាននូវ​សេវាសុខភាពកាន់តែ​ប្រសើរឡើងនៅក្នុង​ក្របខ័ណ្ឌទូទាំងប្រទេសនាពេលបច្ចុប្បន្នគឺកើតឡើងដោយសារសុខសន្តិភាព​ និងស្ថេរភាព​ដែល​ជា​សារវ័ន្ត​មិនអាចខ្វះបាន​ក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ។​

នាពិធីនោះសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បានថ្លែង​អបអរសាទរជាមួយនឹង​សមិទ្ធផលថ្មីនៅលើទឹកដីក្រូ​ចឆ្មារ ខេត្តត្បូងឃ្មុំនេះ ​ដែលជា​អគារមន្ទីរពេទ្យដ៏ធំសម្រាប់បម្រើវិស័យសុខាភិបាលនៅទីនេះ។​

ឯកឧត្តម​បាន​លើកឡើងដែរថា ​​​ការប្រឹងប្រែងសាងសង់មន្ទីរពេទ្យនេះ គឺជាកិច្ចប្រឹងប្រែងមួយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែបម្រើសេវាសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបម្រើប្រជាពលរដ្ឋនៅខេត្តផ្សេងៗដែលនៅជិតនេះបានផងដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​ថា ៖ «ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋ​រចនាសម្ព័ន្ធតភ្ជាប់ច្រើននោះទេ ដែលពេលនោះ អ្នកជំងឺខ្លះពេលសង្គ្រោះបន្ទាន់ត្រូវរកសេវាព្យាបាលនៅកន្លែងឆ្ងាយ ដែលធ្វើឱ្យមានការលំបាកយ៉ាងខ្លាំង»។

ឆ្លៀត​ក្នុង​ឱកាសនោះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តីក៏​បាន​​បញ្ជាក់ផងដែរថា ជំងឺកូវីដ១៩ បានដា​ស់តឿនស្មារតីឱ្យគ្រប់គ្នា​ប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារសុខភាពប្រជាពលរដ្ឋ​។

សម្ដេចតេជោមានប្រសាសន៍ថា នៅពេលមានកូវីដ១៩ ​យើងបានពង្រឹងសមត្ថភាពការព្យាបាលជំ​ងឺនៅគ្រប់ទីកន្លែងទាំងអស់។ ​មនុស្សយើងអាចមានពណ៌សម្បុរ សាសនា និងនយោបាយខុសគ្នា ប៉ុន្តែមានតម្រូវការរួម គឺការពិនិត្យព្យាបាលជំងឺ ហើយសន្តិភាព ក៏ជាតម្រូវការរួមផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បាន​ផ្តាំទៅកាន់អ្នកគ្រប់គ្រង និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក​ស្រុក​ក្រូច​ឆ្មារនេះថា ការសាងសង់មន្ទីរពេទ្យ និងបំពាក់បរិក្ខារជាការលំបាកមួយទៅហើយ ប៉ុន្តែការធ្វើឱ្យមន្ទីរពេទ្យធា​​នាបាននិរន្តរភាព គឺរឹតតែលំបាកទៀត ដែលគ្រប់គ្នាត្រូវ​តែ​​បន្តខិត​ខំ​បំពេញការងារ​ឱ្យ​បាន​ល្អគ្រប់ៗគ្នា​៕​

ដោយ៖នាង សុគន្ធា

ads banner