អាជ្ញាធរថៃប្រកាសថាខ្លួនគ្រប់គ្រងករណីភ្លើងឆេះព្រៃនៅខេត្ត ណាក់ខន ណៃយ៉ុកបានហើយ
ថៃ ៖កាសែតថៃផ្សាយថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររយៈពេលប្រាំថ្ងៃ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយសាធារណៈរបស់ប្រទេសថៃ (DPDPM) បានប្រកាសថា ក្រុមពន្លត់អគ្គីភ័យបានទទួលជោគជ័យក្នុងយុទ្ធនាការណ៍ពន្លត់ភ្លើងឆេះព្រៃនៅក្នុងខេត្តណាក់ខន ណៃយ៉ុក( Nakhon Nayok)។
ប្រភពដដែលបន្តថា អង្គភាពចំពោះកិច្ចដែលទទួលខុសត្រូវពន្លត់អគ្គីភ័យនៅភ្នំ ខៅ ឡាម(Khao Laem) និងភ្នំមួយចំនួនទៀតក្នុងខេត្តណាក់ ខន ណៃយ៉ុក បានទម្លាក់កម្រិតប្រតិបត្តិការមកនៅត្រឹមថ្នាក់មូលដ្ឋានវិញដើម្បីធានាថាភ្លើងឆេះព្រៃនឹងរលត់ទាំងស្រុង។
អាជ្ញាធរថៃបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គីភ័យលើកនេះអាជ្ញាធរប្រើឧទ្ធម្ភាគចក្រចំនួនប្រាំពីរគ្រឿងរួមកនិងយន្តហោះរបស់កងទ័ពអាកាសផងដោយហោះហើរសរុបចំនួន៥១៦ជើងនិងបានប្រើទឹកអស់ប្រមាណជាង៧០.០០០លីត្រ (៧១៣.០០០លីត្រ)។
អាជ្ញាធរថៃក៏បានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក(ដ្រូន)ដើម្បីស្វែងរកមើលទីតាំងភ្លើងឆេះងាយស្រួលកំណត់គោលដៅសម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យ។ អាជ្ញាធរនៅទុកឧបករណ៍ពន្លត់អគ្គីភ័យមួយចំនួន នៅក្បែរនោះ ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់។
តាមការប៉ាន់ស្ថានពីស្ថាប័នជំនាញ តាមរូបភាពថតពីលើអាកាសនៃភ្នំ Khao Cha Phlu, Khao Laem និង Khao Tabaek រកឃើញថា បរិមាណព្រៃឈើដែលរងការខូចខាតដោយសារភ្លើង មានប្រហែល២៨៩ហិកតា។កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យនេះ ត្រូវបន្តផ្តោតលើឧទ្យានជាតិ Suthep-Pui ក្នុងខេត្តឈៀងម៉ៃ ។ កាលពីថ្ងៃអាទិត្យ អាជ្ញាធរថៃបានប្រកាសថា អគ្គិភ័យចំនួនបីកន្លែងបានឆាបឆេះនៅក្នុងឧទ្យានជាតិក្នុងខេត្តមួយចំនួន
នៃប្រទេសថៃ។ អាជ្ញាធរថៃបានដាក់ពង្រាយឧទ្ធម្ភាគចក្រដើម្បីពន្លត់ភ្លើងព្រមទាំងការពារកុំឱ្យភ្លើងឆេះរាលដាលកាន់តែខ្លាំង។
ប្រធានសមាគមឆ្លើយតបគ្រោះមហន្តរាយថៃ លោក Aussawin Romprasert បានប្រាប់អ្នកកាសែតថា អាជ្ញាធរបានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកធំៗដើម្បីផ្គត់ផ្គង់សម្ភារដល់ក្រុមអ្នកពន្លត់អគ្គិភ័យនៅលើភ្នំ ខណៈដែនដ្រូនតូចត្រូវប្រើសម្រាប់ថតរូបភាពដើម្បីកំណត់ទីតាំងភ្លើងឆេះ។ លោកបានបន្តថា តាមការព្យាករណ៍ពីអ្នកជំនាញ គេរំពឹងថា ភ្លៀងនឹងធ្លាក់នៅខេត្ត Nakhon Nayok ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ការណ៍នេះនឹងអាចឱ្យអាជ្ញាធរអាចគ្រប់គ្រងភ្លើងនេះបាន៕ ដោយ៖វណ្ណ ស័ក្ដិ