ប្រតិភូរាជរដ្ឋាភិបាល៖ និយ័តករមូលបត្រកម្ពុជាគាំទ្រសមាគមសហគ្រិនវ័យក្មេងកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖និយ័តករមូលបត្រកម្ពុជា គាំទ្រ និងរីករាយធ្វើជាដៃគូយ៉ាងជិតស្និទ្ធរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធការរៀបចំខ្លួនដើម្បីអាចទទួលបាននូវដើមទុនតាមរយៈ ទីផ្សារមូលបត្រ ដែលរួមមានការបោះផ្សាយល​ក់ភាគហ៊ុន និងការបោះផ្សាយលក់មូលបត្របំណុល (Stock and Equity Financing) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

នេះជា​ថ្លែងឡើង​ពីសំណាក់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា កាលពី​ចុងខែមីនា ឆ្នាំ២០២៣ កន្លងទៅនះ​ ​ក្នុង​ពិធីចុះអនុស្សរណៈក្នុងភាពជាដៃគូ រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ជាមួយស្ថាប័នធំៗចំនួនបួន។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាទាំងបួននោះ រួមមាន​៖ និយ័តករមូលបត្រកម្ពុជា, ខេមបូឌា ស៊ីឃ្យួរឹធី ម.ក (Cambodia Security PLc), អង្គការ ស៊្វីសខនថាក់ (SWISS CONTACT) និងអង្គការជេនខេមបូឌា (GEN CAMBODIA)។ ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា  និយ័តករមូលបត្រកម្ពុជាបានធ្វើការសហការ និងគាំទ្រសមាគមសហគ្រិនវ័យក្មេ​ងកម្ពុជា

តាំងពីមុនការចុះអនុស្សរណៈជាដៃគូមកម្ល៉េះ។ តាមរយៈភាពជាដៃគូជាមួយសមាគមចាប់ពីថ្ងៃនេះទៅ នឹងផ្តល់នូវផលវិជ្ជមានដល់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជា ជាពិសេសសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលពួកគេមានអាជីវកម្មនៅគ្រប់បណ្ដាខេត្តនៃប្រទេសកម្ពុជា ។

ឯកឧត្តមបានបន្ថែមថា កិច្ចសហការនេះ ជាចំណុចចាប់ផ្តើមមួយទៀតក្នុងការជំរុញ និងលើកកម្ពស់ស្តង់ដារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងដែរថា ក្រៅពីលទ្ធភាពទ​ទួ​

លបានហិរញ្ញប្បទានបំណុលតាមរយៈគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រិនទាំងអស់គួរតែក្រឡេកមើលនូវប្រ​ភពធនធានហិរញ្ញប្បទានដទៃទៀតនៃទីផ្សារមូលធន និងក្រុមហ៊ុនបណ្តាក់ទុននានា។

លោកបានបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមើលឃើញពីតម្រូវការចាំបាច់របស់សហគ្រាសធុន តូច និងមធ្យម (SMEs) នៅកម្ពុជា ហើយបានដាក់បញ្ចូលលទ្ធភាពទទួលបានហិរញ្ញប្បទាន ទៅក្នុងទិសដៅយុទ្ធសាស្ត្រ និងជាអាទិភាពសំខាន់របស់សមាគម។

លោក ប៉ិច បូឡែន បានបន្តថា  កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ វេទិកាចែករំលែក និងការផ្គូរផ្គងរវាងវិនិយោគិននៅកម្ពុជា ក៏ដូចជាការសហការជាមួយដៃគូយុទ្ធសាស្រ្តដូចជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា Aquarii BD Cambodia និង JETRO Phnom Penh រួមទាំងនិយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មអន្តរជាតិជាច្រើនទៀត ។ ចំណែក លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានក៏បានលើកឡើងដែរថា ការផ្ទេរចំណេះដឹងពីអ្នកជំនាញហិរញ្ញវត្ថុ ជាឱកាសមួយដែលនឹងជួយពង្រឹងសមត្ថភាពឱ្យសហគ្រិន អាចរៀបចំផែនការអាជីវកម្មមួយដែលជាក់លាក់ គ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគាត់ឲ្យមានប្រសិទ្ធភាព

និងរក្សាកំណត់ត្រាហិរញ្ញវត្ថុឲ្យសមស្របទៅតាមស្តង់ដារជាសកល។

លោកថ្លែងថា សហគ្រិនខ្មែររំពឹងថាកម្មវិធីនេះនឹងក្លាយជាវេទិកាមួយដែលនឹងផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមទៅនឹងស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារមូលធន។ គួររម្លឹកថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងដៃគូយុទ្ធសាស្ត្រសមាគមរួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និយ័តករមូលបត្រកម្ពុជា អង្គការស៊្វីសខនថាក់ (SWISS CONTACT) និងអង្គការជេនខេមបូឌា (GEN CAMBODIA) បានសហការរៀបចំកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រោមប្រធានបទ «ការត្រៀមខ្លួនសម្រាប់ទីផ្សារភាគហ៊ុន ហិរញ្ញប្បទានមូលធន និងហិរញ្ញប្បទានធនាគារ/បំណុល»

ក្នុងឱកាសនៃកិច្ចជំនួបម្ចាស់អាជីវកម្មលើកទី១ ប្រចាំឆ្នាំ២០២៣ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា៕

ដោយ៖វណ្ណ សុជាតា

ads banner