ក្រុមហ៊ុនចិននឹងបញ្ជូនអ្នកជំនាញពិនិត្យគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅកម្ពុជា នៅចុងខែនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន(China Civil Engineering Construction Corporation) [CCECC] នឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់កម្ពុជានៅចុងខែនេះ ដើម្បីពិនិត្យគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ដោយយកទឹកពីទន្លេមេគង្គមកចែកចាយនៅតំបន់ជុំវិញនៃប្រទេស​កម្ពុជា។   ការបញ្ជូនក្រុមអ្នកជំនាញចិនមកកម្ពុជានេះធ្វើឡើងបន្ទាប់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និ​ងក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិននេះ

បានចុះហត្ថលេខាអនុស្សរណៈយោគយល់ក្នុងកិច្ចសហប្រ​តិបត្តិការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដោយយកទឹកពីទន្លេមេគង្គមកចែកចាយនៅ​តំបន់ជុំវិញនៃប្រទេស​កម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបងរួចមក។​ ក្នុងរបាយការណ៍របស់លោក តូនី វង់(Tony Wong) អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC នៃប្រទេសចិនដែលបង្ហាញក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បញ្ជាក់ថា ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ ត្រៀមនឹងដាក់ឆ្ល​ងការអនុម័តពីថ្នាក់លើរបស់ចិន ហើយអ្នកបច្ចេកទេស

និងជំនាញការរបស់ចិននឹងមកដល់ម្ពុជា នៅចុងខែមេសានេះ។លោក តូនី វង់ បន្តថា ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការ​ងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។   ​ បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ឯកឧត្តម ចម ប្រសិទ្ធ ​បានសម្តែងនូវការកោតសរសើរ និងវា​យតម្លៃខ្ពស់ ចំពោះល្បឿនការងារ ដែលតាមការបញ្ជាក់របស់ភាគីចិននឹងត្រូវបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភាខាងមុខនេះផងដែរ​។ ឯកឧត្តមមានជំនឿថា ភាគីចិននឹងខិតខំសម្រេចនូវគម្រោងដ៏មានសារ:សំខាន់នេះ រួមជាមួយភាគីកម្ពុជា ដើម្បីឱ្យ​ប្រជាពល​រដ្ឋនៅភាគខាងកើតនៃប្រទេស ជាពិសេស នៅតំបន់ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែក និងការរោយម្សៅព័ណ៌ទឹកក្រូចដើម្បីជម្រុះស្លឹកឈើ​

ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិក ទស្សវត្សន៍ឆ្នាំ៦៩-៧០ ទទួលបានទឹកស្អាតប្រើប្រាស់ ដោយយកប្រភពទឹកពីអាងទន្លេមគង្គ ។ ​ ឯកឧត្តម ចម ប្រសិទ្ធិ មានប្រសាសន៍ថា  បើយើងអនុវត្តបាននូវគម្រោងដ៏ធំនេះ ចាត់ទុកថាយើងបានរំដោះប្រជាពលរដ្ឋដែ​លរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះ ជាដើម រួចផុតពីការប្រើប្រាស់ប្រភពទឹកក្រោមដី ឬទឹកស្រះ បឹង បួរ ដែលសម្បូរណ៍ដោយជាតិពុលគីមី និងមេរោគផ្សេងៗបន្សល់ពីសម័យសង្គ្រាមនិងសកម្មភាពមនុស្សនាពេល

បច្ចុប្បន្ន។

ឯកឧត្តម បន្តថា ពីព្រោះយើងដឹងហើយថា ជាតិពុលគីមីសល់ពីសម័យសង្គ្រាម ហើយរស់នៅក្នុងទឹក នឹងធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស សត្វ ខ្លាំងណាស់ ជាពិសេសលើស្ត្រីមានផ្ទៃពោះ ធ្វើឲ្យទារកកើតមក មានភាពខុសប្រក្រតី ដែលជាបន្ទុករបស់សង្គមមួយផងដែរ»៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner