រដ្ឋមន្រ្តីពាណិជ្ជកម្មណែនាំ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រមូលទិញជ្រូក និងវត្ថុធាតុដើមកសិកម្មពីកសិករ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំឡុងពេលដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មទៅទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី នៅស្រុកជុំគិរី ខេត្តកំពត បានណែនាំដល់ក្រុមហ៊ុន បង្កើនវិ​សា​លភាពនៃការប្រមូលទិញជ្រូកពីកសិដ្ឋានក្នុងស្រុកដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។ ឯកឧត្តមបានលើកឡើង​កាល​ពី​ថ្ងៃទី​៣ ខែមេសា​ថា​ ត្រូវបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម

ក្នុងការបង្កើនវិសា​លភាពនៃការប្រមូលទិញធាតុចូលកសិកម្មរបស់កសិករក្នុងស្រុក សម្រាប់ផលិតជាចំណីសត្វផ្សេងៗ។ ទន្ទឹមនេះបង្កើនគុណភាពចំណីសត្វឱ្យស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការកែទម្រង់ផលិ​តកម្មសត្វក្នុងស្រុក ឱ្យមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ ពិសេសបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុ​កនៅពេលពួកគេប្រើប្រាស់ចំណីសត្វដែលមានគុណភាព និងតម្លៃសមរម្យ ដែលអាចពង្រីកលទ្ធភាពនៃការជ្រៀតចូលទីផ្សា​រក្នុងនិងក្រៅប្រទេស ឱ្យបានកាន់តែទូលំទូលាយ និងមានចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តីក៏​បានណែនាំឱ្យបង្កើនសហប្រតិបត្តិការឱ្យបានពេញលេញជាមួយមន្ទីរពាណិជ្ជកម្មនៅតាមខេត្តគោលដៅ ដើ​ម្បីរៀបចំផែនការប្រមូលទិញធាតុចូលកសិកម្មសម្រាប់ចំណីសត្វ ព្រមទាំងតាមដាននិងទប់ស្កាត់ការធ្លាក់ថ្លៃតម្លៃនៃផលិ​តផ​ល​កសិកម្មនានា។

តាមរយៈដំណើរទស្សនកិច្ចនេះខាងតំណាងក្រុមហ៊ុនបានបង្ហាញពីសក្តានុពលនៃការវិនិយោគលើប្រតិបត្តិការផលិតកម្ម និងអាជីកម្មជ្រូករបស់ក្រុមហ៊ុនស៊ី.ភីក្នុងការធ្វើឱ្យមានតុល្យភាពនៃសេចក្តីត្រូវការនៃផលិតផលសាច់ជ្រូកក្នុងស្រុកជាមួយផលិត​កម្ម​ក្នុងស្រុក ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រមូលទិញកសិផលមួយចំនួនសម្រាប់ធ្វើជាចំណីសត្វ ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​៤ ខែមេសា​ថា កន្លងទៅមិនមានក្រុមហ៊ុនណាមួយ ឬក៏ក្រុមហ៊ុនស៊ីភី ដែលប្រមូលទិញជ្រូកពីកសិករនោះទេ ថ្វីត្បិតតែក្រុមហ៊ុននេះ មានសត្តឃាតដ្ឋានផ្ទាល់ខ្លួនក៏ដោយ ព្រោះតែតម្រូវការនៅមានកម្រិត ខណៈដែលកន្លងទៅមានតែសមាគមដែលប្រមូលទិញពីកសិករ និងក្រុមហ៊ុនវិញ ដើម្បីនាំចេញទៅវៀតណាមខ្លះ។

លោកបានបន្ថែមថា ក្រុមហ៊ុន ដែលចិញ្ចឹមជ្រូកក្នុងស្រុក មិនទាន់អាចប្រមូលទិញពីកសិដ្ឋានបានទេ ដោយសារតែក្រុមហ៊ុន​ខ្លួ​នឯង កំពុងតែមានការផ្គត់ផ្គង់លើសតម្រូវការ ស្របពេលដែលតម្លៃសាច់ជ្រូកមានការធ្លាក់ថ្លៃ ក្នុងរយៈពេលជិតកន្លះឆ្នាំមកហើយ។ លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា «តាមខ្ញុំយល់ ក្រុមហ៊ុន ពិបាកនឹងជួយប្រមូលទិញជ្រូកពីកសិករណាស់

ដោយសារតែការផលិតជ្រូករបស់ក្រុមហ៊ុនទាំងមានច្រើន ដែលស្ទើរតែលើតម្រូវការទីផ្សារផង ហើយបញ្ហានេះ ដោយសារតែការលួចនាំចូលសាច់បង្កក ដែលខូចគុណភាពពីខាងប្រទេសថៃមក»។

លោកបានបន្តថា ដូច្នេះ បើសិនជាយើងពិបាកក្នុងការទប់ស្កាត់ មានតែអំពាវនាវ និងជួយណែនាំដល់អ្នកបរិភោគ ឱ្យមានកា​រប្រុងប្រយ័ត្នលើសាច់បង្កកនេះ ពីផលប៉ះពាល់របស់វា ដោយសារតែសាច់ប្រភេទនេះ គឺត្រូវបានប្រទេសថៃបោះចោល និងមិនអាចយកមកបរិភោគបានទេ។ លោក ស្រ៊ុន ពៅ បានបង្ហាញពីការរំពឹងថា នៅមុន និងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តម្លៃជ្រូកអាចនឹងមានភាពប្រ​សើរឡើងវិញ

ខណៈដែលក្នុងរយៈពេលកន្លះឆ្នាំមកនេះ តម្លៃជ្រូកនៅក្រោម ១០ ០០០រៀល ដែលតម្លៃនេះ បានធ្វើឱ្យកសិករខា​ត ដោយសារតែចំណីឡើងថ្លៃ។

បើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)​ បានឱ្យដឹងថា ក.ប.ប បានរឹបអូស និងដុតបំផ្លាញសាច់បង្កកនៅតាមឃ្លាំង ប្រមាណជិត២០តោន នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២​៣នេះ​៕

ដោយ៖វណ្ណ សុជាតា

ads banner