នគរបាលវាយប្រហារលើអ្នកថ្វាយបង្គំ ក្នុងក្រុងហ្ស៊េរុយសាឡិម

ហ្ស៊េរុយសាឡិម៖ នគរបាលប្រទេសអ៊ីស្រាអែលបានឆ្មក់ វាយប្រហារលើអ្នកថ្វាយបង្គំ ក្នុងវិហារអាល់ អឹកស (Al-Aqsa Mosque) នៃទីក្រុងហ្ស៊េរុយសាឡិម។

ប៉ូលិសអ៉ីស្រាអែល បានឆ្មក់បើកការវាយប្រហារលើជនជាតិប៉ាឡេស្ទីនកំពុងថ្វាយបង្គំរាប់សិបនាក់ នៅឯបរិវេណវិហារ អាល់ អឹកស (Al-Aqsa Mosque) ដោយបណ្ដាលឱ្យ មនុស្សជាច្រើននាក់រងរបួស នៅព្រឹកព្រលឹមថ្ងៃពុធ សប្តាហ៍នេះ។

អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ក៏បានឱ្យដឹងថា មានអ្នករងរបួសជាច្រើននាក់ តែមិនបានបញ្ជាក់ថាមានចំនួនប៉ុន្មាននោះទេ ដោយគ្រាន់តែបន្ថែមថា កងកម្លាំងអ៉ីស្រាអែលបានរារាំងមិនឱ្យក្រុមគ្រូពេទ្យរបស់ខ្លួនចូលទៅកាន់វិហារអាល់ អឹកស ឡើយ។

ដោយឡែក សាក្សីម្នាក់ ជាស្ត្រីចំណាស់ម្នាក់បានប្រាប់ Reuters ទាំងអួលដើមកថា រូបគាត់បានរងការប្រើហិង្សាពីប៉ូលិសអ៉ីស្រាអែល។ ស្ត្រីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «នៅពេលនោះ ខ្ញុំកំពុងអង្គុយលើកៅអី សូត្រគម្ពីគួរអាន។ ពួកគេ (ប៉ូលិសអ៉ីស្រាអែល) បានគប់គ្រាប់បែកផ្សែង ហើយម្នាក់ក្នុងចំណោមពួកគេបានវាយចំទ្រូងរបស់ខ្ញុំ។ ខ្ញុំបានត្រឹមតែស្រែកយំ»។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ប៉ូលិសអ៉ីស្រាអែលបាននិយាយថា ខ្លួនត្រូវបានបង្ខំចិត្តសម្រុកចូលបរិវេណវិហារអាល់ អឹកស នៅបន្ទាប់ពីកុបករបិទមុខជាច្រើននាក់ បាន ចូលទៅក្នុងវិហារនេះ ប្រដាប់ដោយកាំជ្រួច ដំបង និងដុំថ្ម៕

ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner