គណរដ្ឋមន្ត្រីគ្រោងពិនិត្យគម្រោងសំណង់វិនិយោគអគ្គិសនី ៦កន្លែង ក្នុងខេត្តចំនួន៥ (Video Inside)
គណរដ្ឋមន្ត្រីគ្រោងនឹងពិនិត្យគម្រោងធ្វើវារីអគ្គិសនីចំនួន២កន្លែង ក្នុងខេត្តកោះកុង និងគម្រោងវិនិយោគអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ៤កន្លែងផ្សេងទៀត នៅក្នុងខេត្តពោធិ៍សាត់, កំពង់ឆ្នាំង, ខេត្តស្វាយរៀង និងខេត្តព្រៃវែង។
យោងតាមលិខិតរបស់គណរដ្ឋមន្ត្រី កិច្ចប្រជុំគណរដ្ឋមន្ត្រីពិនិត្យគម្រោងបង្កើតថាមពលអគ្គិសនីទាំងនេះ នឹងធ្វើនៅថ្ងៃសុក្រ សប្តាហ៍នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
យោងតាមគម្រោង ការគ្រោងបង្កើតវារីអគ្គិសនី ក្នុងខេត្តកោះកុង គឺរួមមានគម្រោងវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំកណ្តាល នៅស្រុកមណ្ឌលសីមា ដែលមានអានុភាព៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត នៅស្រុកថ្មបាំង ដែលមានកម្លាំងអានុភាព១០០ មេហ្គាវ៉ាត់។
ចំណែកគម្រោងវិនិយោគស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យវិញរួមមាន ស្ថានីយ៍នៅខេត្តពោធិ៍សាត់ ដែលមានកម្លាំងអានុភាព ១៥០ មេហ្គាវ៉ាត់, ខេត្តកំពង់ឆ្នាំងកម្លាំងអានុភាព៦០មេហ្គាវ៉ាត់, ខេត្តស្វាយរៀង អានុភាព៦០មេហ្គាវ៉ាត់ និងខេត្តព្រៃវែងអនុភាព៨០ មេហ្គាវ៉ាត់។
យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ ពលរដ្ឋមានអគ្គិសនីប្រើប្រាស់ស្ទើរតែ១០០ភាគរយហើយ នៅទូទាំងប្រទេស។ ភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ ភាគរយនៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ហើយ។ ភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ មាននៅសល់ចំនួន២៤៥ភូមិដែលស្មើនឹង ១.៧៣ភាគរយ ដែលមិនទាន់តខ្សែបណ្តាញអគ្គិសនី។
ដោយឡែកនៅមានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថា នឹងតខ្សែបណ្តាញអគ្គិសនីទៅដល់នៅនៅឆ្នាំ២០២៣ ឬដើមឆ្នាំ២២៤ ឡើយ ដោយសារតែភូមិទាំងនោះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល នៅរាយប៉ាយហើយ ភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ…ចំណែកភូមិខ្លះគឺជាភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។