ក្រសួងពាណិជ្ជកម្មចុះបញ្ជីម៉ាកសមូហភាព «នំបញ្ចុកសៀមរាប» (Video Inside)

«នំបញ្ចុកសៀមរាប» ត្រូវបានក្រសួងពាណិជ្ជកម្មត្រៀមរៀបចំចុះបញ្ជីម៉ាកសមូហភាព និងធ្វើការចងក្រងជារូបមន្តនៃការផលិត។

ប្រតិភូរាជរដ្ឋាភិបាល លោក ហូ ស៊ីវយ៉ុង ដែលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅថ្ងៃទី៤មេសាថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនាពេលនេះ គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិតនំបញ្ចុកសៀមរាប ពីព្រោះថាកន្លងមក ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុក នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែងតែផលិតនំបញ្ចុក តាមទម្លាប់ពីដូនតា ប៉ុន្តែពុំទាន់បានចងក្រងជាឯកសារអំពីរូបមន្ត នៃការផលិតនៅឡើយទេ។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងបន្តថានាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម នឹងធ្វើកិច្ចសហការជាមួយអាជីវករ និងផលិតករនំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីចង់ដឹងថាតើគេប្រើគ្រឿងផ្សំអ្វីខ្លះ ទើបបានធ្វើឱ្យនំបញ្ចុកសៀមរាប មានរសជាតិឆ្ងាញ់ពិសេសជាងគេ?។

លោកបានថ្លែងថា ការចងក្រងជារូបមន្តនេះនឹងអាចទុកប្រើប្រាស់ជារួម និងរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ លោកបញ្ជាក់ទៀតថា ការចុះបញ្ជីម៉ាកសមូភាពនេះទៀតសោត ក៏អាចទាក់ទាញភ្ញៀវទេសចរ មកទទួលទាននំបញ្ចុកបានកាន់តែច្រើនផងដែរ។

ads banner