រាជធានីហាមឃាត់ឃាត់ការលេងមិនសមរម្យ និងបង្កគ្រោះថ្នាក់ក្នុងបុណ្យចូលឆ្នាំខ្មែរ (Video Inside)
ការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, ការលាបធ្យូង ឬប៉ាតម្សៅ, ការទះ ឬគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យប្រព្រឹត្តឡើយ ក្នុងពិធីបុណ្យឆ្នាំខ្មែរខាងមុខនេះ។
ការហាមនេះ បានធ្វើឡើងតាមសេចក្តីប្រកាសជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ គ្រាដែលកន្លងមកសកម្មភាពលេងទាំងនេះ ត្រូវគេឃើញតែងធ្វើ ដោយមនុស្សមួយចំនួន ក្នុងពិធីមានបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រដ្ឋបាលរាជធានីនៅបានហាមការជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ, និងការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទផងទៀត។
រដ្ឋបាលរាជធានីថ្លែងថាសកម្មលេងទាំងនេះ អាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ និងប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកធ្វើដំណើរថែមទៀត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានអំពាវនាវពលរដ្ឋត្រូវលេងនូវល្បែងប្រជាប្រីយ៍របស់ខ្មែរគ្រប់ប្រភេទវិញ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសម ជាកុលបុត្រ និងកុលធីតាខ្មែរ។
សេចក្តីជូនដំណឹងបានព្រមានថាអ្នកដែលប្រព្រឹត្តអំពើមិនគប្បី បង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នឹងត្រូវសមត្ថកិច្ចចាត់វិធានការដាក់ទោសតាមផ្លូវច្បាប់៕