សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅប្រទេសឡាវ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកកម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញចូលរួម កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំទាំងអស់បានរំលឹកឡើងវិញ នូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ដោយចីរភាព នៃអាងទន្លេមេគង្គ និងការបង្កើតឡើងគណៈកម្មការទន្លេមេគង្គ (MRC) ដោយតំណាងរដ្ឋាភិបាល នៃបណ្ដាប្រទេសក្នុងអាងទន្លេមេគង្គក្រោម ដោយផ្អែកលើទស្សនៈវិស័យ សម្រាប់អាងទន្លេទាំងមូល និងដោយឈរលើប្រវត្តិដ៏យូរអង្វែង នៃកិច្ចសហប្រតិបត្តិការមេគង្គចាប់តាំងពីឆ្នាំ១៩៥៧មក ដែលពេលនោះ បានបង្កើតឡើងនូវគណៈកម្មាធិការសម្រាប់សម្របសម្រួលការស្រាវជ្រាវក្នុងអាងទន្លេមេគង្គក្រោម។

មេដឹកនាំទាំងអស់បានកត់សម្គាល់នូវសកម្មភាពជាអាទិភាព និងការប្តេជ្ញាចិត្តដែលបានកំណត់ និងធ្វើមុនកិច្ចប្រជុំកំពូល MRC និងភាពប្រទាក់ក្រឡាគ្នាជាបន្ត ជាមួយនឹងប្រទេសជាសមាជិក MRC រួមមានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី១ ក្នុងឆ្នាំ២០១០ នៅទីក្រុងហួហ៊ីន ប្រទេសថៃ ក្រោមមូលបទ “ការបំពេញតាមតម្រូវការ ដោយរក្សាបាននូវតុល្យភាព៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព *កិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមមូលបទ “សន្តិសុខទឹក ស្បៀងអាហារ និងថាមពល ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ក្រោមមូលបទ ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ “។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់ នូវសារៈសំខាន់នៃការរួមចំណែករបស់អាងទន្លេមេគង្គ ចំពោះផ្នែកពាក់ព័ន្ធនឹងទឹកនៃរបៀបវារៈ សហប្រជាជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, ក្របខណ្ឌសេនដៃ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់ឆ្នាំ២០១៥-២០៣០, របៀបវារៈអាស៊ាន ស្ដីពីសមាហរណកម្មតំបន់ ការតភ្ជាប់ និងការបិទគម្លាតអភិវឌ្ឍន៍ក្នុងសហគមន៍អាស៊ាន និងតម្រូវការសម្រាប់ការងើបឡើងវិញដ៏រឹងមាំពីជំងឺឆ្លងកូវីដ-១៩ ក្នុងស្ថានភាពមានការវិវត្តប្រែប្រួល និងបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិ មានលក្ខណៈស្មុគ្រស្មាញ ដែលក្នុងបរិបទនេះ មេដឹកនាំទាំងអស់បានអះអាងសារជាថ្មី នូវគុណតម្លៃនៃកិច្ចសហប្រតិបត្តិការពហុភាគី។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់នូវភាពបន្ទាន់ចាំបាច់ជុំវិញបញ្ហាប្រឈមហានិភ័យ និងកាលានុវត្តិភាពសំខាន់ៗ ដែលបណ្តាប្រទេសក្នុងអាងទន្លេមេគង្គក្រោម កំពុងជួបប្រទះនាពេលបច្ចុប្បន្ននិងអនាគត ដែលកើតឡើងដោយអន្តរកម្ម នៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ នោះការគ្រប់គ្រងទឹកឲ្យប្រសើរបំផុត ដើម្បីសម្រេចឲ្យបាននូវសន្តិសុខ ទឹកក្នុងអាងទន្លេមេគង្គ គឺមានសារៈសំខាន់សម្រាប់និរន្តរភាពបរិស្ថាន និងទ្រទ្រង់សុខុមាលភាពសេដ្ឋកិច្ច និងសង្គម របស់សហគមន៍ក្នុងអាងទន្លេមេគង្គ ក៏ប៉ុន្តែទន្ទឹមនឹងនោះ ក៏ត្រូវស្វះស្វែងរកនូវគំនិតថ្មីៗ និងវិធីសាស្ត្រធ្វើការរួមគ្នាប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយឲ្យបានគ្រប់គ្រាន់ ឆ្លើយតបនឹងហានិភ័យដែលចេះតែកើនឡើង និងផលចំណេញខាតពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេ។

មេដឹកនាំ MRC បានទទួលស្គាល់ នូវការលើកកម្ពស់កាលានុវត្តភាពសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពលដែលមាន សម្រាប់ប្រទេសក្នុងអាងទន្លេមេគង្គទាំងអស់ អាចកើតមានបានតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រសិនបើប្រទេសទាំងអស់ធ្វើការរួមគ្នា។

មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃអង្គការអាងទន្លេ ដែលផ្អែកលើសន្ធិសញ្ញាដ៏រឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុ ក្នុងស្ថានភាពដែលមានការវិវត្តផ្នែកស្ថាប័នសម្រាប់ការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ និងបានស្វាគមន៍ចំពោះការចូលរួមកាន់តែកើនឡើងពីប្រទេសតាមដងទន្លេទាំងអស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាង ដោយឈរស្មារតី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពិសេសទទួលស្គាល់ នូវការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតរបស់ MRC និងការប្ដេជ្ញាចិត្តរបស់ពួកគេ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិករបស់ MRC ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ (ទទួលពី ទទក)

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner