លោក Zelensky ប្តេជ្ញាថារវាងអ៊ុយក្រែននិងប៉ូឡូញ គឺគ្មានព្រំដែនទេ
វ៉ាសូវី ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky ប្តេជ្ញាថា “គ្មានព្រំដែន” រវាងអ៊ុយក្រែននិងប៉ូឡូញ។ មេដឹកនាំអ៊ុយក្រែនបានសន្យាបែបនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាសូវី (Warsaw) ខណៈដែលលោកបានសាទរចំពោះការគាំទ្ររបស់ប៉ូឡូញ នៅក្នុងជម្លោះជាមួយទីក្រុងម៉ូស្គូ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបសមភាគីប៉ូឡូញ លោក អែនត្រេ ឌូដា (Andrzej Duda) នៅក្រុង Warsaw កាលពីថ្ងៃពុធ សប្តាហ៍នេះ ជាទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសប៉ូឡូញ ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោក Zelensky បានថ្លែងក្នុងអំឡុងពេលនៃកិច្ចប្រជុំ ដោយសន្យាថា “អ្នកបានឈរស្មាជាមួយយើង ហើយយើងមានអំណរគុណចំពោះវា” ដោយសន្យាថា “គ្មានព្រំដែនក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច និងជាពិសេសក្នុងន័យប្រវត្តិសាស្ត្រ” រវាងប្រទេសទាំងពីរ។
ចំណែកប្រធានាធិបតីប៉ូឡូញ បានសន្យាថា នឹងបន្តគាំទ្រទីក្រុងគៀវក្នុងជម្លោះនេះ ដោយបង្ហាញថា រដ្ឋបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនយន្តហោះចម្បាំង MiG-29 ទាំងអស់របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន “នៅពេលអនាគត”។ ប៉ូឡូញ ធ្លាប់បានសន្យាទិញយន្តហោះចម្បាំងចំនួន ១៤ គ្រឿងដែលផលិតដោយសូវៀត។
លោក Andrzej Duda បាននិយាយថា “ថ្ងៃនេះយើងកំពុងព្យាយាមដើម្បីទទួលបានសម្រាប់អ៊ុយក្រែន… ការធានាបន្ថែម ការធានាសន្តិសុខ ដែលនឹងពង្រឹងសក្ដានុពលយោធារបស់អ៊ុយក្រែន” ដោយបន្ថែមថា Kiev បាននិងកំពុងការពារអឺរ៉ុបទាំងមូលពីអ្វីដែលគាត់ហៅថា ការគំរាមកំហែងនៃ “ចក្រពត្តិនិយមរុស្ស៊ី” ៕ ប្រភពពី RT ប្រែសម្រួលដោយ៖ សារ៉ាត