កម្ពុជា និងអង់គ្លេស បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិនៃបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយនឹងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនលូតលាស់ថែមទៀត។
ជាការឆ្លើយតប ឯកឧត្ដម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានថ្លែងអំណរគុណ ឯកភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេស ដែលក្នុងនោះក៏មានទំនាក់ទំនងដ៏ល្អជាមួយក្រសួងមហាផ្ទៃ លើវិស័យការងារពាក់ព័ន្ធ រួមទាំងកិច្ចសហប្រតិបត្តិការល្អពាក់ព័ន្ធទៅនឹងកិច្ចការកុងស៊ុលផងដែរ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក៏មានសម្ដេចក្រឡាហោម ស ខេង ជាអ្នកដឹកនាំផ្ទាល់ដែលបានខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ធ្វើឱ្យកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះនៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់ ខណៈការងារពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តមក៏សម្ដែងនូវសេចក្ដីរីករាយដែលបានចូលរួមចំណែក ជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ានក្នុងការអនុវត្តនូវយន្តការនានាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។ ឯកឧត្ដមចាត់ទុកថា សមិទ្ធផលការងារដូចបានបញ្ជាក់មកនេះ គឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់ចក្រភពអង់គ្លេសក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់។
សម្ដេចបានចាត់ទុកថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន គឺមិនត្រឹមតែជាជោគជ័យរបស់កម្ពុជានោះទេ ក៏ប៉ុន្តែជាជោគជ័យរបស់តំបន់ ក៏ដូចជាសកលលោកទាំងមូលផងដែរ។ ជាមួយគ្នានេះ សម្តេចក៏ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានធ្វើការវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ ដែលរហូតមកដល់ពេលនេះធ្វើឲ្យកម្ពុជាត្រូវដកចេញពីបញ្ជីប្រផេះ ហើយទោះបីជាទទួលបានលទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏ប៉ុន្តែកម្ពុជានៅតែបន្តខិតខំលើការងារនេះបន្ថែមទៀត និងបន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ពាក់ព័ន្ធទៅនឹងការងាររៀបចំការសម្អាតប្រាក់។
ចំពោះ ការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចគ្នា ដោយសម្ដេចបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ ។
សម្តេច ក្រឡាហោមសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធក៏ដូចជាមេក្លោង ក្នុងបទល្មើសទាំងនេះដែរដែលមានវត្តមានក្នុងប្រទេសរបស់ខ្លួន ៕ ដោយ-រ៉ាវុធ