គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួនបី ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ។
អង្គប្រជុំបានអនុម័តប្រគល់សេចក្តីប្រាងច្បាប់ចំនួនពីរ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ ។
គណៈកម្មាធិការអចិន្រ្តៃយ៍ក៏បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញផងដែរ ៕
ដោយ ថេត វិចិត្រ + ហេង សម្បត្តិ