ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីនទី១២
កំពត៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសថា ខេត្តកំពត ជាខេត្តអស់មីនទី១២ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដែលកម្ពុជានៅសល់ផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡាដែលត្រូវបោសសម្អាតឱ្យអស់នៅឆ្នាំ២០២៥។
ឯកឧត្តមបានលើកឡើងដូចនេះនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសខេត្តកំពតជាខេត្តអស់មីន ដោយមានការចូលរួមពីឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមតាំងពីឆ្នាំ ១៩៩៤ ដោយប្រតិបត្តិករចំនួនបីរួមមាន មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ ហាឡូ ត្រាស់(HALO Trust)។
ឯកឧត្តមបានបន្តថា ប្រតិបត្តិករទាំងបីនេះ បានបោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយបានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១ ៤៤៣ នាក់។
ឯកឧត្តមមានប្រសាសន៍ថា ៖“សមិទ្ធផលនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយឱកាសនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គណៈអភិបាលខេត្តកំពត ពិសេសគណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងាររៀបចំផែនការសកម្មភាពមីន សម្រាប់សមិទ្ធផលដ៏ត្រចះត្រចង់នេះ”។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ភាគរយ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។
របាយការណ៍ដដែលបានបន្តថា ជាមួយនឹងកិច្ចខិតប្រឹងប្រែងនេះ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងគ្រាប់ចំនួន ១.៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩ គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៥៩៣ គីឡូម៉ែត្រក្រឡា នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥។
រដ្ឋបាលខេត្តកំពតបានលើកឡើងថា សម្រាប់ខេត្តកំពតអង្គភាពស៊ីម៉ាក់បានចាប់ផ្តើមពង្រាយកម្លាំងប្រតិបត្តិការដើម្បីបោសសម្អាតបញ្ចប់ខេត្តកំពត ជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្សកាលពីខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅខែវិច្ឆិកាឆ្នាំ ២០២២កន្លងទៅនេះ។
រដ្ឋបាលខេត្តបានបញ្ជាក់ថាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះបាន សម្រេចរំដោះខេត្តកំពតពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស១០០ភាគរយ។ ដូចនេះខេត្តកំពតជាខេត្ត គ្មានតំបន់មានកំណត់ត្រាក្នុងទិន្នន័យជាតិថាមានបញ្ហាគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយ និងក្លាយជា ខេត្ត គ្មានគ្រាប់មីន។
ខេត្តទាំង១២ ដែលត្រូវបានប្រកាសថាជា «ខេត្តអស់មីន» មានដូចជា ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត។
ទាក់ទងនឹងបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះនេះដែរ ក្នុងឱកាសនៃក្នុងកិច្ចប្រជុំកំពូលMRC និងសន្និសីទអន្តរជាតិលើកទី៤ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវកាលពីថ្ងៃទី៥ ខែមេសាសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដៃគូអភិវឌ្ឍន៍នៃទន្លេមេគង្គឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រៅពីការអភិវឌ្ឍជារួមគឺនៅមានការងារសំខាន់មួយទៀតដែលគប្បីយកចិត្តទុកដាក់ដោះស្រាយនោះគឺគ្រាប់មិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាមនៅសល់ក្នុងទន្លេមេគង្គ ដោយត្រូវរុករកនិងបំផ្លាញឱ្យអស់នូវគ្រាប់ទាំងនោះដើម្បីសុវត្ថិភាពសម្រាប់ប្រជាជន៕
ដោយ៖នាង សុគន្ធា