បរិមាណសំណល់ប្លាស្ទីក មានចន្លោះពីជាង ១៧ ទៅ ១០១តោន ក្នុងមួយថ្ងៃបានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានានៅទូទាំងពិភពលលោក
ភ្នំពេញ ៖ នាពេលបច្ចុប្បន្នទន្លេមេគង្គ ត្រូវបានបំពុលដោយបរិមាណសំណល់ប្លាស្ទីក ដែលចំនួនកាកសំណល់នេះ ត្រូវបានចាត់ក្នុងលំដាប់ទី១០ មានចន្លោះពីជាង ១៧ ទៅ ១០១តោន ក្នុងមួយថ្ងៃ បានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានា នៅក្នុងពិភពលលោក។បើធ្វើការប្រៀបធៀប កាកសំណល់ដែលត្រូវបានគេបោះចោលទៅក្នុងមហាសមុទ្រជារៀងរាល់ថ្ងៃនេះ មានទំហំប៉ុនត្រីបាឡែនដ៏ធំ។
នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោកបណ្ឌិត អានុល័ក គិធិឃួន (Anouak Kittikhoun) នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC ក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ និងសន្និសីទអន្តរជាតិលើកទី៤ ដែលប្រមុខរដ្ឋាភិបាលគណៈកម្មការទន្លេមេគង្គទាំងបួនប្រទេសមានដូចជា៖ កម្ពុជា ឡាវ ថៃ និងវៀតណាម អ្នកជំនាញ អ្នកការទូត និងនិស្សិតពីបណ្តាសាកលវិទ្យាល័យប្រចាំតំបន់ទន្លេមេគង្គរាប់រយនាក់ បានជួបជុំគ្នានៅក្នុងរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពីការអភិវឌ្ឍ និងបម្រែបម្រួលអាកាសធាតុមកលើអាងទន្លេមេគង្គ។
ថ្លែងក្នុងពិធីនេះលោកបណ្ឌិត អានុល័ក គិធិឃួនបានបញ្ជាក់ប្រាប់ថា៖ជាទូទៅហើយសម្រាប់បំណែកនៃកាកសំណល់ប្លាស្ទីក វានឹងបង្កើតជាមីក្រូប្លាស្ទីក ដែលជះផលដ៏អាក្រក់ប្រៀបប្រដចទៅនឹងឧក្រិដ្ឋជនដែលពិបាកនឹងមើលមិនឃើញចំពោះត្រី ជីវៈចម្រុះនៅតាមទន្លេ បឹងបួរ ក្រោមបាតសមុទ្រ មនុស្ស និងបរិស្ថានផង ។
សូមបញ្ជាក់ថា មីក្រូប្លាស្ទិក ត្រូវបានក្រុមអ្នកជំនាញពន្យល់ថា ជាបំណែកតូចៗនៃផ្លាស្ទិកដែលខូចគុណភាព សរសៃសំយោគ និងអង្កាំប្លាស្ទិក ដែលអាចងាយចូលបានក្នុងខ្លួនមនុស្ស និងសត្វ តាមរយៈបរិភោគទឹក និងចំណីអាហារ ។
ដោយឡែកបើយោងតាមរបាយការណ៍សិក្សារបស់គណៈកម្មការទន្លេមេគង្គ បានបង្ហាញដែរថា នៅតាមកំពង់ផែ និងផែ មានកាកសំណល់រឹងប្រភេទជាដបប្លាស្ទិក និថង់ប្លាស្ទិក មានពី៧០ភាគរយ ទៅ៩០ភាគរយ ដែលនេះជាបញ្ហាប្រឈមនៃម៉ាក្រូផ្លាស្ទិក និងមីក្រូប្លាស្ទីក ដែលជំរុញឱ្យប្រទេសសមាជិកទាំងបួនរួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម បង្កើតយន្តការរួម និងអចិន្ត្រៃយ៍ក្នុងការត្រួតពិនិត្យ និងសម្អាតជាតិពុលដែលជ្រាបចូលទៅក្នុងដី ខ្យល់ និងជលផល ហើយអាចប៉ះពាល់ដល់ទាំងប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស។ នៅឆ្នាំ២០២០ ប្រទេសចំនួន ៤នេះ បានផលិតកាកសំណល់ប្លាស្ទិកប្រហែល ៨លានតោន ។
ក្រុមអ្នកជំនាញ បានចាត់ទុកការបំពុលប្លាស្ទីក ជាឧបសគ្គចម្បងចំពោះសេដ្ឋកិច្ចមហាសមុទ្រប្រកបដោយនិរន្តរភាព ដែលត្រូវបានពឹងផ្អែកដោយមនុស្សប្រហែល ៣ពាន់លាននាក់ នៅជុំវិញពិភពលោក ដោយសារការបំពុលភាគច្រើនត្រូវបានរាយការណ៍ពីទន្លេចំនួន១ពាន់នៅទូទាំងពិភពលោក ហូរដោយផ្ទាល់ទៅក្នុងមហាសមុទ្រ ៕
ដោយ ៖ ម៉ាដេប៉ូ