ត្រយងយក្ស ឬហៅថាឪលើក ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេសកម្ពុជា
ភ្នំពេញ៖ សត្វត្រយងយក្ស ឬប្រជាសហគមន៍ហៅថាឪលើក( Giant Ibis )ឬមានឈ្មោះតាមវិទ្យាសាស្ត្រថា Pseudibis gigantea ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី០៦ ខែ មិនា ឆ្នាំ ២០២៣បានឱ្យដឹងថា សត្វត្រយងយក្ស មានវត្តមានពេញ មួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ ស្ទឹងត្រែង និងមួយចំនួននៅខេត្តកោះកុង ច្រើនរស់នៅ តំបន់ដាច់ស្រយាល តាមតំបន់ព្រៃល្បោះ តំបន់សើមក្នុងព្រៃល្បោះ និងតំបន់ដីសើម ។
សត្វប្រភេទនេះវាមាន មាឌធំជាងត្រយងផ្សេងទៀតក្នុងអម្បូររបស់វា សម្បុរប្រផេះក្រម៉ៅ ជើងវែងក្រហម ក្បាល និងក ផ្នែកខាងលើមិនមានរោម និងមានពណ៌ប្រផេះ ហើយមានឆ្នូតអង្កន់ៗខ្មៅ និងចំពុះរាងវែងកោង ចុះក្រោម វាស៊ីកង្កែប អន្ទង់ ពស់ ខ្យង ក្តាម ។
ត្រយងជាសត្វស្លាបតំណាងព្រះរាជាណាចក្រ កម្ពុជា និងមានចំនួនតិចតួចបំផុតលើពិភពលោក ៕
ដោយ ៖ ម៉ាដេប៉ូ