ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូប្រមាណ ៣០០នាក់ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជននានា
ភ្នំពេញ ៖ ក្រុមអ្នករកស៊ីប្រកបរបរធាក់ស៊ីក្លូប្រមាណ៣០០នាក់ បានទទួលបានការជួយឧបត្ថម្ភពីបណ្ដាសប្បុរសជននានា មានជាស្បៀងអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ និងថវិកាមួយចំនួន ដែលពិធី នេះបានរៀបចំឡើងនៅបរិវេណពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ដោយមានវត្តមានថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងសប្បុរសជនយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនេះដែរ លោកជំទាវ ចម ក្រស្នា អគ្គនាយិកានៃក្រុមហ៊ុន សោម៉ា គ្រុប ក៏បានអញ្ជើញដឹកនាំបុគ្គលិក នាំយកនូវសម្ភារ និងថវិកាដែលបានមកពីការចូលរួមចំណែករបស់ក្រុមហ៊ុន និងបុគ្គលិកទៅចែកជូនដល់ក្រុមអ្នកធាក់ស្លីក្លូផងដែរ ។
លោក អឹម សម្បត្តិ តំណាងសមាគមអភិរក្សស៊ីក្លូបានលើកឡើង ពីការលំបាករបស់អ្នកប្រកបរបរធាក់ស៊ីក្លូ ដែលរកចំណូលបានត្រឹមតែទប់ទល់ជីវភាពប្រចាំថ្ងៃស្ទើតែពុំគ្រប់គ្រាន់ ហើយពេលនេះពួកគាត់ពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ដែលមានសណ្ដានចិត្តជួយឧបត្ថម្ភគាំទ្រ ដែលធ្វើឱ្យពួកគាត់អាចដោះស្រាយបញ្ហាខ្វះខាតបានមួយរយៈ ។
លោក អឹម សម្បត្តិ ក៏សូមអរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ដែលបានបរិច្ចាគធនធានរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងកម្មវិធីខាងលើនេះផងដែរ ។
គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំការជួបសំណេះសំណាល និងចែកទានដល់អ្នកប្រកបរបរធាក់ស៊ីក្លូ តែងតែរៀបចំឡើងមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីជួយសម្រាលការលំបាករបស់ពួកគាត់ ៕ ដោយ / គ្រី សម្បត្តិ