ប្រធាន គ.ជ.ប៖ ការងារចាំបាច់ចំពោះមុខ គឺជាការធានាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ ជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ការងារចាំបាច់ចំពោះមុខ គឺជាការធានាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេស ក្នុងដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការបញ្ជក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

ប្រធាន គ.ជ.ប បានបន្តថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលត្រូវបានបញ្ចប់នាពេលថ្មីៗនេះ ប្រកបដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ.ជ.ប ត្រូវបន្តរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កា របោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងឆ្នាំ២០២៤ ស្របតាមការកំណត់នៃច្បាប់។ ការបង្កលក្ខណៈឱ្យមានការបោះឆ្នោតយ៉ាងទៀងទាត់ស្របតាមការកំណត់នៃច្បាប់បែបនេះ បានបង្ហាញឱ្យឃើញពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងពង្រីក និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងពិតប្រាកដ។

ប្រភពដដែលបញ្ជាក់ថា ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវបានកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រតាមរាជធានី ខេត្ត ដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត។ ក្នុងការបោះឆ្នោតនេះ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បានកំណត់អាសនៈនៅក្នុងរដ្ឋសភា មានចំនួន១២៥ ដែលបែងចែកតាមមណ្ឌលរាជធានី ខេត្ត។ ដើម្បីត្រៀមលក្ខណៈរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យប្រព្រឹត្តទៅដោយជោគជ័យដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព គ.ជ.ប បានកសាងប្រតិទិន និងផែនការមេនៃការបោះឆ្នោត ព្រមទំាងបានអនុម័តជាផ្លូវការនូវបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាឯកសារគតិយុត្តដ៏សំខាន់ សម្រាប់យកទៅអនុវត្តផ្ទាល់នៅគ្រប់ដំណាក់កាល នៃការបោះឆ្នោត។

ប្រធាន គ.ជ.ប បន្តបញ្ជាក់ទៀតថា ផ្អែកតាមប្រតិទិន និងផែនការមេនៃការបោះឆ្នោត គ.ជ.ប បានអនុវត្តសម្រេចការងារ និងកំពុងអនុវត្តបន្តការងាររបស់ខ្លួនតាមដំណាក់កាលជាបន្តបន្ទាប់ ដូចខាងក្រោម៖
១-ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បន្ទាប់ពីបញ្ចប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គ.ជ.ប បានផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជីបោះឆ្នោត ឆ្នាំ២០២២ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបញ្ជីផ្លូវការនេះមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៩,៧១០,៦៥៥ នាក់ ដែលស្មើនឹង ៨៩,២៨% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើង ក្នុងនោះស្រីចំនួន ៥,១៦១,៩០៩ នាក់ និងមានការិយាល័យបោះឆ្នោត សរុបចំនួន ២៣,៧៨៩ ការិយាល័យ។
២-ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះមក គ.ជ.ប ដោយត្រូវបំពេញពាក្យសុំចុះបញ្ជី តាមទម្រង់បែបបទលេខ១០០៨ ដែលកំណត់ ដោយ គ.ជ.ប ចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណបក្សនយោបាយត្រូវដាក់ពាក្យសុំដោយផ្ទាល់មក គ.ជ.ប ប៉ុន្តែ គណបក្សនយោបាយមានជម្រើសពីរក្នុងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ទី១-គឺរៀបចំដោយដៃ ដូចនីតិវិធីអនុវត្តកាលពីការបោះឆ្នោតកន្លងមក ទី២-រៀបចំតាមកម្មវិធីកុំព្យូទ័រ ដែល គ.ជ.ប បានដាក់ឱ្យដំណើរការ ដោយទាញយកទិន្នន័យរបស់បេក្ខជនពីប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតរបស់គ.ជ.ប បន្ទាប់មកធ្វើការបោះពុម្ពសម្រាប់ដាក់ភ្ជាប់ទៅជាមួយពាក្យសុំចុះបញ្ជី ទម្រង់បែបបទលេខ ១០០៨។ ដើម្បីអាចប្រើប្រាស់កម្មវិធីរៀបចំ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនេះបានតម្រូវឱ្យគណបក្សនយោបាយដាក់ពាក្យស្នើសុំគណនីប្រើប្រាស់ពី គ.ជ.ប ដោយការស្នើសុំនេះ នឹងបញ្ចប់ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ បើគិតមកត្រឹមថ្ងៃនេះ មានគណបក្សនយោបាយចំនួន៩ បានស្នើសុំបង្កើតគណនី ហើយបាននឹងកំពុងប្រើប្រាស់កម្មវិធីនេះជាប្រចាំថ្ងៃ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង

ads banner