ក្រសួងបរិស្ថាន-អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនឹងបើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តពោធិ៍សាត់ក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣
ខេត្តពោធិ៍សត់ ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយនិងទប់ស្កាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ មន្ត្រីក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងរដ្ឋបាលខេត្តពោធិ៍សាត់និងមន្ទីរជំនាញពាក់ព័ន្ធនឹងបើកយុទ្ធនាការអន្ទាក់សូន្យនៅទីខេត្តពោធិ៍សាត់នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ជាមួយគោលបំណងសំខាន់កាត់បន្ថយនិងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានថ្លែងឱ្យដឹងថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនៈគិរីកាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប។ ខេត្តទាំង ៦ នេះមានផ្ទៃដីតំបន់ការពារធម្មជាតិទំហំនិងជាតំបន់ដែលសម្បូណ៌សត្វព្រៃ ជាពិសេសប្រភេទសត្វកម្រៗជាច្រើនដូចជាដំរី សត្វកែះ សត្វខ្លាឃ្មុំជាដើម។
ទាក់ទិនក្នុងរឿងនេះឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ខេត្តពោធិ៍សាត់ជាខេត្តទី១ ដែលនឹងចាប់ផ្តើមយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២។ ខេត្តពោធិ៍សាត់ដែលតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា មានតំបន់ការ ពារធម្មជាតិចំនួន ០៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុប ៦៨៩ ២៩៧ ហិកតា។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងឱ្យដឹងថា យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីនៃក្រសួងបរិស្ថាននិងអង្គការដៃគូ ខេត្តពោធិ៍សាត់ សម្បូណ៌សត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋត្រូវចូលរួមក្នុងការការពារនិងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ និងជាការចូលរួមក្នុងការលើកស្ទួយទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី។
ក្រសួងបរិស្ថាននឹងបន្តដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលរួមមានយុទ្ធនាការតាមខេត្តទៅកាន់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបងនិងប៉ៃលិន ដោយមានការសហការពីអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការអភិរក្សសកលប្រចាំកម្ពុជា (CI) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC)៕
ដោយ៖ ម៉ាដេប៉ូ